ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកអ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា ក្រសួងការបរទេសបានសកម្មប្រយុទ្ធតស៊ូ នៅលើសមរភូមិការទូត និងសាធារណៈមតិ តបទៅនឹងការប៉ុនប៉ង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការវាយប្រហារជាបន្តបន្ទាប់មកលើឯករាជ្យ និងអធិបតេយ្យភាព កម្ពុជា ដោយបានធ្វើការពន្យល់ ចេញសេចក្តីថ្លែងការណ៍ និងណែនាំ រួមទាំងតស៊ូយ៉ាងស្វិតស្វាញ។ ការថ្លែងនេះ បានធ្វើឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំ២០២០ របស់ក្រសួងការបរទេសកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
ទាក់ទងបញ្ហាខាងលើនេះ លោកអ៊ុច បូររិទ្ធ បានបញ្ជាក់ថា ក្រសួងការបរទេសបានធ្វើការពន្យល់បកស្រាយជាច្រើនលើក អំពីសច្ចភាព និងលំហសេរីភាពនយោបាយនៅកម្ពុជា តាមរយៈជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ជាមួយឥស្សរជនបរទេស ស្ថាប័នអន្តរជាតិ និងសហគមន៍ខ្មែរនៅបរទេស។ ចេញសេចក្តីថ្លែងការណ៍ និងសេចក្តីប្រកាសព័ត៌មាន ទាន់ពេលវេលា បកស្រាយបំភ្លឺ និង ឆ្លើយតបចំពោះការនិយាយបំផ្លើសសភាពការណ៍ពិត និងការបំពានលើអធិបតេយ្យកម្ពុជា ។ បានធ្វើការណែនាំ និងផ្តល់ឯកសារដល់គ្រប់ស្ថានទូត និងស្ថានតំណាងកម្ពុជានៅបរទេស សំរាប់ជាមូលដ្ឋាន ក្នុងការជួបប្រាស្រ័យភ្ញៀវបរទេស។ សកម្មតស៊ូយ៉ាងស្វិតស្វាញ នៅក្នុងក្របខ័ណ្ឌ EBA តាមរយៈការបញ្ជូនគណៈប្រតិភូកម្ពុជាទៅជួបពិភាក្សាជាមួយឥស្សរជនសំខាន់ៗនៃគណៈកម្មការអឺរ៉ុប និងទទួលក្រុមបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុបនៅកម្ពុជា សំដៅរក្សារបបអនុគ្រោះពន្ធតាមរយៈ EBA ជូនប្រទេសជាតិ ដោយប្រកាន់ជំហរដាច់ខាតមិនធ្វើការដោះដូរឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ជាមួយនឹងជំនួយណាមួយឡើយ។
លោកអ៊ុច បូររិទ្ធ បានបន្តថា ទាក់ទងការងារព្រំដែន ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី និងដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍មិនកែប្រែខ្សែបន្ទាត់ព្រំដែន ក្រោយពេលទទួលបានឯករាជ្យពីបារាំង ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាមួយប្រទេសវៀតណាម ប្រទេសទាំងពីរ បានចុះហត្ថលេខាលើ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ (ហៅថាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩) និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលទទួលស្គាល់សមិទ្ធផលលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់ដែលបានឯកភាពគ្នាលើខ្សែព្រំដែនចំនួន ៨៤%។
ជាមួយប្រទេសថៃ ក្រុមបច្ចេកទេសព្រំដែនកម្ពុជា-ថៃ បានធ្វើការវាស់វែង និងរុករកបង្គោលព្រំដែនបារាំង-សៀម បាន ពីរ បង្គោលបន្ថែមទៀត ដែលរហូតមកដល់ពេលនេះ បានរកឃើញបង្គោលសរុបទាំងអស់ចំនួន ៧៣ បង្គោល ដែលបោះដោយបារាំង-សៀម។ ភាគីទាំងពីរ ក៏បានសម្ពោធឱ្យប្រើប្រាស់ស្ពានឆ្លងព្រំដែនស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ) – បានណងអៀន (ខេត្តស្រះកែវ) កាលពីថ្ងៃទី២២ ខែមេសា និងកំពុងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីររៀបចំសហការសម្ពោធបើកជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិចំនួនបួនទៀត ឱ្យបានឆាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយប្រទេសឡាវ គឺយើង បានច្រានចោលនូវការទាមទាររបស់ភាគីឡាវចំពោះការសើរើតំបន់អូតាង៉ៅវ ដែលស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយផ្អែកលើផែនទីដែលគណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែនប្រទេសទាំងពីរបានទទួលយកកាលពីឆ្នាំ១៩៩៨។ ស្របគ្នានេះ ភាគីទាំងពីរ កំពុងចរចាលើសេចក្តីព្រាងបែបបទបច្ចេកទេស (TOR) ស្តីពីការស្នើអ្នកឯកទេសបារាំងខាងផែនទី ដើម្បីគូសចម្លងខ្សែព្រំដែនពីផែនទីបោន ខ្នាត ១/១០០.០០០ មកលើផែនទី UTM ខ្នាត ១/៥០.០០០ សម្រាប់កំណត់ខ្សែព្រំដែនដែលនៅសេសសល់ចំនួន ១៤ភាគរយ ទៀត៕សរន