ស្លាប់​២១៣​នាក់ ឆ្លង​ជិត​១​ម៉ឺន​នាក់ !​អង្គការ​WHO​ប្រកាស​គ្រោះអាសន្ន​សុខភាព​អន្តរជាតិ​

893
ចែករម្លែក

​ចិន​បង្ហាញ​ជំនឿ​ថា​ខ្លួន​អាច​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​កូរ៉ូណា​វីរុស​ថ្មី ទោះ​ជា​អង្គការ​សុខភាព​ពិភពលោក​មុននេះ​បានប្រកាសថា ការផ្ទុះ​វីរុស​ជំងឺផ្លូវដង្ហើម​នៅ​ចិន​​ជា​គ្រោះអាសន្ន​សកល​មួយ​ក្តី​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​លោកស្រី ហួរ ជុន​យី​ង ក៏​បាន​និយាយថា​ ចិននឹង​បន្ត​ធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​(WHO)​និង​ប្រទេស​ដទៃ​​ទៀត​ដើម្បី​ថែរក្សា​សន្តិសុខ​សុខភាព​សាធារណៈ​នៅក្នុង​តំបន់​និង​សកលលោក​។​

​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​កើនឡើង​ដល់​២១៣​នាក់ ​ហើយ​WHO​បាន​ហៅ​ការផ្ទុះ​ជំងឺនៅ​ចិន​នេះ​ថា​ជា​គ្រោះ​​អាសន្ន​សុខភាព​សកល​មួយ ជា​សញ្ញា​បង្ហាញ​ថា​វីរុស​ឆ្លង​ពិឃាត​នេះ​មិន​បាន​បង្ហាញ​សញ្ញា​ថមថយ​ទេ​។​

​ទោះជា​យ៉ាងណា អគ្គនាយក​WHO ​បាន​សរសើរ​កិច្ចខិតខំ​របស់​ចិន​ក្នុង​ការទប់ស្កាត់​ការផ្ទុះ​កូរ៉ូណា​វីរុស ដោយ​លោក​បាន​និយាយថា លោក​មិន​ដែល​ឃើញ​ប្រទេស​​ណា​ឆ្លើយតប​សកម្ម​ក្លៀវក្លា​ចំពោះ​ជំងឺដូច្នេះ​ទេ រួម​ទាំង​ការសង់​មន្ទីរពេទ្យ​មួយ​ឲ្យ​ហើយ​ក្នុង​រយៈពេល​១០​ថ្ងៃ​។

​ហ៊ូ​ប៉ី ខេត្ត​ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​វីរុស​នេះ បាន​រាយការណ៍​មនុស្ស​ស្លាប់​ថ្មី​បន្ថែម​៤២​នាក់​ទៀត និង​អ្នក​ឆ្លង​ថ្មី​ចំនួន​១.៩៨២​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក​។​​សរុបមនុស្ស​ជាង​៩.៦៩២​នាក់​ហើយ​បាន​ឆ្លង​កូរ៉ូណា​វីរុស​នេះ​នៅ​ចិន​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​សុខាភិបាល​អាម៉េរិក​បាន​ប្រកាស​ករណី​ឆ្លង​កូរ៉ូណា​វីរុស​ពី​មនុស្ស​ទៅ​មនុស្ស​ជា​លើកដំបូង​ក្នុង​ទឹកដី​របស់​ខ្លួន ។​វា​បាន​កើត​លើ​ប្តី​ប្រពន្ធ​​ដែល ស្ត្រី​ជា​ប្រពន្ធ​បាន​ធ្វើដំណើរ​ទៅ​ចិន និង​បាន​ចម្លង​វីរុស​ទៅ​ប្តី​នៅ​អាម៉េរិក​។​

​ករណី​ដូច​គ្នា​ក៏​កើតមាន​នៅ​កូរ៉េខាងត្បូង ដោយ​បុរស​អាយុ​៥៦​ឆ្នាំ​ម្នាក់​បាន​ឆ្លង​វីរុស​នេះ​ក្រោយ​ប៉ះពាល់​អ្នក​ជំងឺផ្ទុក​កូរ៉ូណា​វីរុស​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បារាំង​បាន​បញ្ជាក់​អះអាងថា វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​ប៉ះពាល់​អ្នក​ជំងឺកូរ៉ូណា​វីរុស ក្រោយមក​បាន​ឆ្លង​វីរុស​​លើ​ខ្លួនឯង​។​វេជ្ជបណ្ឌិត​នេះ​​ឥឡូវ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​បន្ទប់​ពេទ្យ​ដាច់​ពី​គេ​ក្នុង​ទីក្រុង​ប៉ារីស​។​ការ​ដែល​វីរុសចម្លង​ពី​អ្នក​ជំងឺមក​បុគ្គលិក​ពេទ្យ​បែប​នេះ​បង្ហាញថា វីរុស​នេះ​សម្រប​ខ្លួន​​និង​វិវឌ្ឍទៅ​ជា​ប្រភេទ​វីរុស​ចម្លង​រវាង​មនុស្ស​ហើយ​៕ដោយ៖វាសនា/Ha

និយាយ​នៅ​ក្រុង​ហ្ស៊ឺ​ណែ​វ អគ្គនាយក​WHO​បានកត់សំគាល់​អំពី​ការចម្លង​រាលដាល​វីរុស​រវាង​មនុស្ស​នៅក្នុង​ប្រទេស​ចិន​