ពួកអ្នកភូមិនិងពួកអ្នករស់នៅក្នុងប្លុកអគារផ្ទះល្វែងនៅក្នលែងខ្លះនៃប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមដ៏ប្រល័យ ដោយខ្លួនឯងដោយដាក់រនាំងឬរបាំងផ្លូវដើម្បីរារាំងអ្នកស្រុកក្រៅឬអ្នកមកពីក្រៅដែលបានឆ្លងវីរុសថ្មីនេះចូល។នេះបើយោងតាមវេបសាយដេលលីម៉េល។
រដ្ឋាភិបាលចិនបានចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស2019-nCoV នេះចាប់តាំងពីវាបានកើតឡើងកាលពីចុងខែធ្នូនៅក្នុងទីផ្សារមួយដែលមានលក់សត្វព្រៃនិងគ្រឿងសមុទ្រ។
ប្រជាជនជាង ៥០លាននាក់នៅក្នុងនិងជុំវិញទីក្រុងវូហានដែលជាប្រភពដើមនៃការផ្ទុះវីរុសនេះត្រូវបានបង្ខាំងឱ្យនៅតែក្នុងទីក្រុងរបស់ពួកគេ ខណៈដែលការធ្វើដំណើរនៅទូទាំងប្រទេសនេះ ត្រូវបានកាត់បន្ថយ។
ដោយមានការភ្ញាក់ផ្អើលនិងការព្រួយបារម្ភអំពីរបាយការណ៍ប្រចាំថ្ងៃនៃករណីឆ្លងវីរុសថ្មីៗជាបន្តបន្ទាប់នៅទូទាំងប្រទេសចិននេះ ពួកអ្នកស្រុកនិងមន្ត្រីមូលដ្ឋានបានខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនេះ ដោយដាក់របាំងបិទផ្លូវចេញចូលដោយខ្លួនពួកគេផ្ទាល់ ដោយសារតែភ័យខ្លាចថា ពួកអ្នកដំណើរមកពីខេត្តហ៊ូប៉ីនឹងចម្លងវីរុសនេះ ចូលសហគមន៍របស់ពួកគេ។
នៅបរិវេណមួយនៃប្លុកអគារមួយនៅទីក្រុងប៉េកាំង គេឃើញពួកអ្នករស់នៅប្លុកអាគារនោះបានយកកង់និងជណ្តើរឈរទៅបិទច្រកផ្លូវចេញចូលនៃប្លុកអាគារនេះ ហើយអ្នកដំណើរណាចង់ចូលត្រូវចូលតាមផ្លូវចូលធំដោយមានអ្នកយាមនៅទីនោះ។
រូបភាពនៃការដាក់របាំងបិទផ្លូវដោយខ្លួនឯកបែបនេះនៅកន្លែងផ្សេងៗនៅប្រទេសចិនត្រូវបានគេឃើញផងដែរនៅលើទំនាក់ទំនងសង្គមWeibo។
ដោយសារខ្លាចវីរុសនិងការរឹតត្បិតពីអាជ្ញាធរ វិថីនៅក្រុងវូហានស្ងាត់ឈឹង
ក្នុងការទប់ស្កាត់ស្រដៀងនេះដែរ សណ្ឋាគារនៅទូទាំងប្រទេសចិនបានបដិសេធមិនឱ្យពួកអ្នកដំណើរមកពីខេត្តហ៊ូប៉ី ចូលស្នាក់នៅ។ខណៈដែលប្រជាជនមកពីទីក្រុងវូហាន នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសនេះបានក្លាយជាអ្នករងគ្រោះ ដោយសារការយាយីនិងការរើសអើងបែបនេះ។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch៕ដោយ៖សុខា/sn
ដោយការភ័យខ្លាចការឆ្លងរាលដាលវីរុសថ្មី ពួកអ្នកស្រុកនៅតំបន់មួយចំនួននៅចិន បិទផ្លូវចេញចូលដោយខ្លួនឯងដោយមិនឱ្យពួកអ្នកក្រៅចូល