អាម៉េរិករង់ចាំចម្លើយយល់ព្រមពីអ៊ីរ៉ាក់ដើម្បីដាក់ពង្រាយខែលការពារអាកាស Patriot ដើម្បីការពារទាហានរបស់ខ្លួន

425
ចែករម្លែក

សហរដ្ឋអាម៉េរិកកំពុងរង់ចាំភ្លើងខៀវពីរដ្ឋាភិបាលអ៊ីរ៉ាក់ដើម្បីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Patriot ដើម្បីការពារកងទ័ពអាម៉េរិកពីការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់។

អ៊ីរ៉ង់បានបាញ់មីស៊ីលចំនួន ១១ គ្រាប់ដាក់លើមូលដ្ឋានទ័ពអាកាសអាម៉េរិកនៅតំបន់អាអ៊ីនអាល់អាសាដនិងមួយទៀតនៅឯមូលដ្ឋានក្នុងទីក្រុងអឺប៊ីលកាលពីថ្ងៃទី ៨ ខែមករាក្នុងការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសសេម សូឡីម៉ានី ប៉ុន្មានថ្ងៃមុននោះក្នុងការវាយប្រហារដោយដ្រូនរបស់អាម៉េរិកនៅទីក្រុងបាកដាដ។

គ្មានទាហានអាម៉េរិកណាម្នាក់ត្រូវបានសម្លាប់ទេប៉ុន្តែមនុស្សរាប់សិបនាក់បានរងរបួសខួរក្បាលពីការផ្ទុះមីស៊ីល ហើយរបបក្រុងវ៉ាស៊ីនតោនចង់ពង្រាយខែលការពារ Patriot ដើម្បីការពារមូលដ្ឋានទ័ពឱ្យបានល្អប្រសើរ ដែលមានទាហានអាម៉េរិកចំនួន ៥.២០០ នាក់ ដាក់ពង្រាយនៅអ៊ីរ៉ាក់។

ប្រព័ន្ធ Patriot គឺមានសមាសធាតុជាច្រើនដូចជារ៉ាដាសមត្ថភាពខ្ពស់និងមីស៊ីលបាញ់ស្កាត់ដែលអាចកម្ទេចមីស៊ីលឆ្លងទ្វីបដែលកំពុងហោះចូលមក។

ដោយត្រូវបានសាកសួរកាលពីថ្ងៃព្រហស្បតិ៍អំពីការពន្យារពេលក្នុងការដាក់ពង្រាយប្រព័ន្ធនេះ លោកម៉ាក អេស្ព័រ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលហាក់បែកបាក់គ្នាចំពោះវត្តមានយោធាអាម៉េរិកនៅក្នុងប្រទេសនេះ មិនទាន់បានផ្តល់ផ្តល់ភ្លើងខៀវនៅឡើយទេ។

លោកបាននិយាយថា “យើងត្រូវការការអនុញ្ញាតពីអ៊ីរ៉ាក់។ នោះជាបញ្ហាមួយ។ វាអាចមានបញ្ហាផ្សេងទៀតទាក់ទងនឹងទីតាំងត្រូវដាក់និងរឿងរ៉ាវផ្សេងទៀត”។

ឧត្តមសេនីយ៍ម៉ាក មីលលី នាយអគ្គសេនាធិការចម្រុះ បានកត់សម្គាល់ថា កងវរសេនាតូចនៃខែល Patriot គឺជាអង្គភាពដែលមានទំហំធំមួយ ហើយយន្តការនៃការដាក់ពង្រាយទៅកាន់ប្រទេសអ៊ីរ៉ាក់ “គឺត្រូវតែដំណើរការឱ្យបានសិន ហើយការពិតរឿងនោះកំពុងតែធ្វើហើយ”៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធការពារមីស៊ីល Patriot

ទីតាំងផ្សាយពាណិជ្ជកម្ម