រដ្ឋមន្ត្រីសុខាភិបាលថៃ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី៣០មករាថា ពួកវេជ្ជបណ្ឌិតបានបញ្ជាក់ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចា មិនឆ្លងកូរ៉ូណាវីរុសទេ ក្រោយពីលោកបានធ្វើដំណើរទៅពិនិត្យមើលការងារពិនិត្យសុខភាពអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិមួយក្នុងក្រុងបាងកក។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី អានូទីន បានទទួលស្គាល់ថា សុខភាពរបស់ប្រាយុទ្ធ មានបញ្ហាដោយសារការងារច្រើន និងបន្ទាប់ពីមានការណែនាំពីគ្រូពេទ្យ លោកនាយករដ្ឋមន្ត្រីបានលុបចោលដំណើរទៅពិនិត្យការងារនៅវិទ្យាស្ថានជំងឺឆ្លងមួយ។
មានពាក្យចចាមអារ៉ាមថា ឧត្តមសេនីយ៍ប្រាយុទ្ធ អាចឆ្លងកូរ៉ូណាវីរុស បន្ទាប់ពីលោកឈប់សម្រាកដោយសារមានជំងឺកាលពីថ្ងៃព្រហស្បតិ៍ នៅមួយថ្ងៃក្រោយពីលោកបានទៅពិនិត្យមើលការងារពិនិត្យសុខភាពអ្នកដំណើរចូលថៃនៅអាកាសយានដ្ឋានសុវណ្ណភូមិ។លោកបានប្រគល់ភារកិច្ចខ្លះទៅមន្ត្រីរបស់លោកធ្វើជំនួស។
មន្ត្រីក្រសួងសុខាភិបាលម្នាក់ បាននិយាយថា ស្ថានភាពជំងឺរបស់ប្រាយុទ្ធមិនពាក់ព័ន្ធនឹងកូរ៉ូណាវីរុសទេ ពីព្រោះកូរ៉ូណាវីរុសចំណាយពេលប្រមាណ៤ថ្ងៃទើបបង្ហាញរោគសញ្ញា៕ប្រែសម្រួល៖វាសនា/Ha

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចា ពិនិត្យការងារពិនិត្យសុខភាពអ្នកដំណើររបស់មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិក្រុងបាងកកកាលពីថ្ងៃពុធ