ក្រុមហ៊ុន GM សង្គ្រោះរថយន្ត Hummer នៅលើទីផ្សារឡើងវិញ លើកនេះគឺដើរដោយថាមពលអគ្គិសនីទាំងស្រុង

ផ្លូវការហើយ! ក្រុមហ៊ុន General Motors កាលពីថ្ងៃព្រហស្បតិ៍ទី៣០មករាបានបញ្ជាក់ពីផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមផលិតឡើងវិញនូវរថយន្ត Hummer ដែលមានម៉ូតដូចរថយន្តយោធានិងជានិមិត្តរូបនៃភាពខ្លាំងរបស់អាម៉េរិក ដោយលើកនេះគឺដើរដោយថាមពលអគ្គិសនីទាំងស្រុង។

ក្រុមហ៊ុន GM នឹងដាក់បង្ហាញរថយន្ត GMC Hummer EV កំណែថ្មីនៅក្នុងការផ្សាយពាណិជ្ជកម្មអំឡុងពេលការប្រកួត Super Bowl នៅថ្ងៃអាទិត្យខាងមុខ។

ពាក្យចចាមអារ៉ាមអំពីការកកើតជាថ្មីនៃរថយន្ត Hummer ត្រូវបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានអាម៉េរិកអស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែក្រុមហ៊ុន GM បានប្រកាសព័ត៌មានផ្លូវការអំពីការផលិតរថយន្តនេះឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ នៅមុនការផ្សព្វផ្សាយដ៏កក្រើកក្នុងជំនួបបាល់ឱបនៅថ្ងៃអាទិត្យរវាងក្រុម Kansas City Chiefs និង ក្រុម San Francisco 49ers។

ស្ពតពាណិជ្ជកម្មដ៏ថ្លៃរយៈពេល ៣០ វិនាទីចំណងជើងថា “Quiet Revolution” ដែលនឹងចាក់ផ្សាយលើទូរទស្សន៍ Super Bowl នឹងបង្ហាញពីចំណុចពិសេសៗរវាងការរចនាយ៉ាងពិសេសនិងប្រតិបត្តិការបើកបរដោយគ្មានបញ្ចេញសំឡេងសូម្បីបន្តិច។

រថយន្ត Hummer ស៊េរីថ្មីនេះនឹងមានកម្លាំង ១០០០ សេះនិងមានសមត្ថភាពបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងពេលត្រឹម ៣ វិនាទីប៉ុណ្ណោះ។

ក្រុមហ៊ុន GM នឹងផលិតរថយន្ត Hummer ថ្មីនៅរោងចក្រដំឡើងរថយន្ត Detroit-Hamtramck ក្នុងរដ្ឋមីស៊ីហ្គែន ដែលត្រូវបានជួយសង្គ្រោះឡើងវិញ បន្ទាប់ពីការធ្វើកូដកម្មដ៏យូរកាលពីឆ្នាំមុននៅក្រុមហ៊ុនផលិតរថយន្តយក្សអាម៉េរិកមួយនេះ។

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន GM បានប្រកាសថាខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ២,២ ពាន់លានដុល្លារនៅក្នុងរោងចក្រនេះ ដែលនឹងផលិតរថយន្តអគ្គិសនីនិងរថយន្ត SUV ជាច្រើនប្រភេទ៕ ដោយ៖ កញ្ញាដាលីស

រថយន្ត GMC Hummer EV កំណែថ្មីគឺដើរដោយថាមពលអគ្គិសនីទាំងស្រុង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជម្លោះ ដីធ្លី​រវាង​តារាចម...

​ដោយៈ មុនី រ័ត្ន​,​បូ​រិ​...

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...