រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមករាថាវៀតណាមនឹងបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ក្រុមអ្នកទេសចរចិនបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរកឃើញករណីឆ្លងវីរុសនៃជំងឺផ្លូវដង្ហើមនេះចំនួន៣ករណី។
បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងវៀតណាមនិងចិននៅពេលនេះមិនត្រូវបានលើកទឹកចិត្តទេ។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា “ការផ្ទុះឡើងនៃវីរុសនេះ កំពុងរាលដាលយ៉ាងឆាប់រហ័ស និងមានលក្ខណៈធ្ងន់ធ្ងរ” ។
ភ្ញៀវទេសចរចិនគឺមានចំនួន១ភាគ៣នៃចំនួនភ្ញៀវទេសចរដែលមកលេងប្រទេសវៀតណាមកាលពីឆ្នាំទៅ។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលវៀតណាម។
កាលពីសប្តាហ៍មុនក្រសួងសុខាភិបាលវៀតណាមបាននិយាយថាពលរដ្ឋចិន២នាក់នៅប្រទេសវៀតណាមបានធ្វើតេស្តិ៍រកឃើញវីរុសនេះ ហើយម្នាក់ទៀតបានជាសះស្បើយឡើងវិញពីការឆ្លងវីរុសនេះ។
ប្រទេសជាច្រើនបានចាប់ផ្តើមដាក់ពលរដ្ឋរបស់ពួកគេរាប់រយនាក់នៅក្រោមការព្យាបាលដោយឡែកពីគ្នាបន្ទាប់ពីត្រូវបានជម្លៀសចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ ដោយគិតត្រឹមថ្ងៃសុក្រទី៣១ខែមករានេះ វីរុសនេះបានសម្លាប់មនុស្សចំនួន២១៣នាក់នៅប្រទេសចិនហើយមនុស្សជិត១០.០០០នាក់បានឆ្លងវីរុសនេះ៕ដោយ៖សុខា/sn
ក្រុមអ្នកទេសចរពាក់ម៉ាស ជិះរថយន្តទេសចរណ៍នៅទីក្រុងហាណូយប្រទេសវៀតណាម