តាមព័ត៌មានថា ក្លឹបម៉េនឆេស្ទ័រ យូណាយធីតជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរអ្នកចាំទី ណាថាន ប៊ីសប់ (Nathan Bishop) របស់ក្លឹប Southend ស្របពេលអ្នកចាត់ការ សូល ខេមបេល (Sol Campbell) ទទួលស្គាល់ថា កីឡាករវ័យក្មេងរូបនេះជិតចាកចេញពីក្លឹបនេះហើយ។
កីឡាករវ័យ២០ឆ្នាំរូបនេះអវត្តមានពីក្រុមរបស់ខ្លួន អំឡុងការប្រកួតកាលពីថ្ងៃអង្គារ៍ អំឡុងពេលប្រកួតជាមួយក្រុម Doncaster ហើយអាចនឹងចូលរួមជាមួយក្រុមយូណាយធីតនៅពហុកីឡាដ្ឋាន Old Trafford ។
លោក ខេមបេល បានបញ្ជាក់ថា កីឡាកររូបនេះពិតជាជិតចាកចេញមែន ប៉ុន្តែលោកមិនដឹងថា កីឡាកររូបនេះនឹងចូលរួមជាមួយក្រុមណានោះទេ។
លោក ខេមបេល បាននិយាយថា “គាត់បានពិនិត្យសុខភាព។ ខ្ញុំមិនដឹងពីទីកន្លែងទេ ប៉ុន្តែ ប្រសិនបើគាត់ឆ្លងផុតការពិនិត្យសុខភាព គាត់នឹងចេញ”។
ប៊ីសប់ ដែលជាកីឡាករជម្រើសយុវជនរបស់អង់គ្លេសក្រោមអាយុ២០ឆ្នាំនោះបានលេង១៧ លើកសម្រាប់ក្រុម Southend នៅក្របខណ្ឌ League One នៅរដូវកាលនេះ។
ប៊ីសប់ ចាប់ផ្តើមអាជីពជាមួយក្លឹប Shrimpers ហើយបានបង្ហាញមុខលើកដំបូងសម្រាប់ក្លឹបនេះ កាលពីរដូវកាលឆ្នាំ២០១៧-១៨៕ ប្រែសម្រួល: ពិសិដ្ឋ