ផ្លូវជាតិលេខ២ និង២២ ដែលគ្រោង​ចំណាយជាង៥៦ លានដុល្លារ នឹងត្រូវ​​បើកការដ្ឋាន សាងសង់ជួសជុលធ្វើ​ឲ្យប្រសើរ ឡើងវិញ

664
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀម រៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូល តាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិ​លេខ ៣។គម្រោងនេះឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ។

គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនHanshin Engineering &Construction Co.,Ltdក្រោមក្របខ័ណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ ។គម្រោងធ្វើឱ្យប្រសើរ​ឡើងវិញផ្លូវជាតិលេខ២ និងផ្លូវលេខ​២២នេះ គ្រោងនឹងចំណាយថវិកាប្រមាណ ៥៦លានដុល្លារអាម៉េរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ និងថវិកាបដិភាគ​របស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៨.៥លានដុល្លារអាម៉េរិក។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២នេះ​នឹងត្រូវពង្រីកពី ២​គន្លង ទៅ៤ គន្លង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការ​ធ្វើដំណើរទៅវិញទៅមកប្រកប​ដោយសុវត្ថិភាព។ ការសាងសង់ផ្លូវនេះ នឹងជួយ​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែល្អប្រសើរ ស្របតាមកំណើន​ប្រជាពលរដ្ឋនិងកំណើនយានយន្តនាពេលបច្ចុប្បន្ននេះ ថែមទាំង​ជំរុញកំណើនវិស័យសេដ្ឋកិច្ចនៅកម្ពុជាមានការរីកចម្រើន អាចទាក់ទាញអ្នកវិនិ​យោគ​បានច្រើនផងដែរ ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា តាមលក្ខណៈបច្ចេកទេសគម្រោងស្ថាបនានេះ នឹងពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC សាងសង់ស្ពានថ្មី ចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ចំនួន ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧​កន្លែង។ ការស្ថាបនានេះគ្រោងនឹងប្រើរយៈពេល ៣០ខែ (ប្រហែល ២ឆ្នាំកន្លះ)បែងចែកជាបីកំណាត់ផ្លូវធំៗ គឺកំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅដល់រង្វង់មូលស្តី្របីកួរស្រូវ ដែលមាន​ប្រវែងជាង៨គីឡូម៉ែត្រ​ពង្រីកពី ២គន្លង ទៅ៤គន្លង កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្តី្របីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមាន​ប្រវែងជាង៥៣​គីឡូ​ម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ មាន ២គន្លង និងកំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម ផ្លូវជាតិលេខ២២ ដែលមានប្រវែងជាង៩គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទមាន២គន្លង៕B/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម