ការនាំគ្នាជីករករ៉ែមាសនៅភ្នំដូងព្រះនៅក្រុងសិរីសោភ័ណក្លាយជាចលនា​មួយ ហើយកាន់តែចម្រូងចម្រាស​

330
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ សកម្មភាពនាំគ្នាជីករករ៉ែមាសនៅភ្នំដូងព្រះនៅព្រំប្រទល់សង្កាត់អូរអំបិលនិងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានក្លាយជាចលនាមួយហើយ។ មកទល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២០ កន្លងមកករណីនេះកាន់តែចម្រូងចម្រាស។

នោះមកពីដោយខាងអាជ្ញាធរមានសមតត្ថកិច្ចនិងក្រុមហ៊ុនទទួលវិនិយោគពង្រាបដីធ្វើស្តាត ថាត្រូវហាមឃាត់អោយបានដាច់ខាត ឯពលរដ្ឋដែលចិករុករកនៅតែមានៈចចេសធ្វើហើយសំណូមពរធ្វើដល់ទៅ៣-៤ខែតទៀតឯណោះ ។

គឺរដ្ឋបាលក្រុងសិរីសោភ័ណ ក៏ដូចមន្ត្រីសមត្ថកិច្ចជំនាញ កងកម្លាំង បានចេញសេចក្តី​ជូនដំណឹង(សជណ) និងចេញទៅហាមឃាត់ ណែនាំពលរដ្ឋរាប់សិបនាក់ដែលបន្តនាំគ្នាជីករុករករ៉ែមាសនោះទាំងថ្ងៃ ទាំងយប់ ។

លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណអោយកាសែតរស្មីកម្ពុជាដឹងថា រដ្ឋបាលក្រុងសូមអំពាវនាវ ណែនាំនិងសំណូមពរដល់ប្រជាពលរដ្ឋបញ្ឈប់សកម្មភាពរុករករ៉ែ និងទៅលេងកសាន្តឬទៅមើលនៅតំបន់តំបន់ ភ្នំដូងព្រះឬកណ្តាលក្រុមប្រជុំកូនភ្នំ ស្ថិតនៅ ព្រំប្រទល់សង្កាត់អូរអំបិលនិងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នោះតទៅទៀត ព្រោះវាប្រឈមនឹងគ្រោះថ្នាក់ពីការបាក់ដី និងផ្ទាំងថ្មសង្កត់។

ក្នុងលិខិតចុថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ រដ្ឋបាលក្រុងសិរីសោភ័ណ បានចេញសេចក្តី​ជូនដំណឹង (សជណ) ប្រាប់ទៅដល់ប្រជាពលរដ្ឋ បញ្ឈប់សកម្មភាពរុករករ៉ែ ដើរឆ្លងកាត់និងទៅលេងកសាន្តនៅតំបន់នេះចាប់ពី ថ្ងៃ ជូនដំណឹងនេះតទៅ ព្រោះព្រួយបារម្ភជាខ្លាំងនឹងការប្រឈមបាក់ដីឬផ្ទាំងថ្មមកសង្កត់បង្កអោយរបួសឬស្លាប់ ហើយនាំអំពល់ទុក្ខឬបញ្ហាដល់អាជ្ញាធរមានសមត្ថកិច្ច ។

ចំណែកលោកតាន់ គឹមហួត តំណាងក្រុមហ៊ុនអុីអិលអេច(ELH) ដែលជាដៃគូវិនិយោគពង្រាបទីតាំងដីសម្រាប់សាងសង់ពហុកីឡាដ្ឋានខេត្តបន្ទាយមានជ័យបានប្រាប់កាសែតរស្មីកម្ពុជាកាលពីល្ហាចថ្ងៃទី៣០ខែមករាថា៖ កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅភ្នំដូងព្រះចំណុចជាប់គ្នានោះក័មានលំបាក់ផ្ទាំងថ្មធំៗពីកំពូលភ្នំកម្ពស់ជាង១០០ម៉ែត្រមកជើងភ្នំ លាន់ដូចរញ្ជួយដីឬព្យុះស៊ូណាមីម្តងរួចមកហើយ ហើយកាលនោះបងប្អូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្ររសើនៅក្បែរនោះ ក៏បានសុំអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចអោយជួយ។

អាជ្ញាធរមានសមត្ថកិច្ចនិងក្រុមហ៊ុនអុីអិលអេច(ELH) បានចេញបម្រាមដល់នរណាក៏ដោយកុំទៅក្បែរចំណុចគ្រោះថ្នាក់នោះ។

ប៉ុន្តែពេលនេះបច្ច័យអាក្រក់លាយឡំល្អមួយនេះ ទើបកើតឡើងគឺជិត១សប្តាហ៍មកនេះក៏ស្រាប់តែមានពលរដ្ឋភ្ញាក់ផ្អើល ហើយកើនដល់រាប់សិបនាក់បានលើកគ្នាទៅជីករុករករ៉ែមាសពីក្នុងរណ្តៅដី ក្បែរដំុថ្មនិងចម្រាក់ដីភ្នំនោះ។ ជាមួយគ្នានោះ ក៏មានឈ្នួញកណ្តាលរង់ចាំទិញរ៉ៃមាសទាំងនោះផងដែរ ។ឧទាហារណ៍គឺទិញដុំរ៉ែមាសក្នុង១ដុំប៉ុនម្រាមឬមេដៃតម្លៃ​ពី៤ទៅ៥ម៉ឺនរៀល ហើយពលរដ្ឋអ្នករកម្នាក់ៗ អាចរកបាន១ទៅ៣ដុំរ៉ែមាសក្នុង១ថ្ងៃ​ឬ១យប់ ។

ដោយបារម្ភពីមានគ្រោះថ្នាក់នៅការដ្ឋានដែលជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនដៃគូនេះ ក្រុមហ៊ុនក្រុមហ៊ុនអុីអិលអេច(ELH) បានចេញបម្រាម បានអោយគ្រឿងចក្រអេស្ការវ៉ាទ័រកាយពង្រាបដីនិងថ្មជម្រាលភ្នំ ហើយលប់ចំណុចដែលសង្ស័យមានរ៉ែមាស បានរាយបន្លាលួសនិងគ្រោងធ្វើរបង ហើយដាក់កម្លាំងឃ្លាំមើលដើម្បីរាយការណ៍ផងដែរ។

ចំណែកលោកសុត វឌ្ឍនា ប្រធានមន្ទុីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣០ ខែមករាថា លោកនឹងបញ្ជូនមន្ត្រីជំនាញទៅពិនិត្យ វាយតម្លៃនិងចាត់វិធានការលើបាតុភាពបទល្មើសលើធនធានរ៉ែមាសនៅចំណុចនោះ ។

លោកសុត វឌ្ឍនា ឆ្លើយតបបែបនេះ ខណៈមានសារព៍ត័មាននិងបណ្តាញសង្គមមួយចំនួនតូចបានរិះគន់លោកថាមិនទទួលខុសត្រូវ ហើយបណ្តោយឲ្យពលរដ្ឋទន្ទ្រានរុករករ៉ែមាសរបស់រដ្ឋដោយខុសច្បាប់នៅភ្នំដូងព្រះនោះ។

ដោយលោកថា អាជ្ញាធរមានសមត្ថកិច្ចឯណាមិនទទួលខុសត្រូវនោះ គឺមានតែទៅអប់រំណែនាំ ហាមឃាត់ទាំងថ្ងៃទាំងយប់ ហើយបានរងនូវសកម្មភាពផ្គើន ការជេរប្រមាថយ៉ាងអយុត្តិធម័ពីបងប្អូនប្រជាពលរដ្ឋនិងអ្នកលេងបណ្តាញសង្គមឬបណ្តាញសារព៍ត័មានដែលគ្មានវិជ្ជាៈីវៈនិងមានភាពលំអៀងជាស្រេច(បុរេនិច្ឆ័យអគតី)មួយចំនួនថែមទៀត។

ពលរដ្ឋដែលលជីក រុករករ៉ែមាសអាណាធិបតេយ្យទាំងនោះភាគច្រើនមិនស្តាប់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ហើយក៏មិនសហការឬព្រមផ្តល់ព៍ត័មានដល់អ្នកសារព៍ត័មានឡើយ។
ប៉ុន្តែអ្នកស្រីមិន សុភាព អាយុ៥០ឆ្នាំរស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពងស្វាយ នៅក្បែរភ្នំនោះបានប្រាប់កាសែតរស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី៣០ ខែមករាថា អ្នកស្រីនិងពលរដ្ឋគ្មានបំណងប្រឆាំងឬមិនស្តាប់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចដែលទុកដូចជាម៉ែឱនោះទេ ។

ប៉ុន្តែសូមអង្វរកមន្ត្រីថា ពួកខ្លួនមានជីវភាពក្រីក្រ ហើយសុំអនុញ្ញាតិជីករុករករ៉ែមាសធម្មជាតិនៅទីនោះ អោយ៣-៤ខែតទៅទៀតសិន។

អ្នកស្រីបន្តថា រ៉ែមាសមានតែនៅម្តុំនោះ។ បើរកអស់នឹងឈប់ហើយ ហើយរ៉ែមាសទាំងនោះជាសម្បត្តិធម្មជាតិទេ មិនមែនរបស់បុគ្គលណាម្នាក់ដែរ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម