ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់ ឃីម បូរ៉ា ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ បានបង្ហាញមុខជាថ្មី លើសង្វៀន Boostrong Fighter on Fire ជាមួយអ្នកប្រដាល់ ជើងខ្លាំងថៃ ផេត ណារ៉ុង (Phat Narong) នាព្រឹកថ្ងៃទី២ កុម្ភៈ ខាងមុខនេះ ។
អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ បូរ៉ា បាត់មុខយូរគ្រាន់បើ ពីសង្វៀនអាស៊ីអាគ្នេយ៍ តែគេមានការប្រកួតច្រើន នៅសង្វៀនផ្សេង ។ បូរ៉ា ជាអ្នកប្រដាល់ ជាយដែនជើងខ្លាំងមួយរូប ដែលឩស្សាហ៍ចេញ ចូល ទៅប្រកួតនៅប្រទេសថៃ ។ គេជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃ វ៉ៃឆក់ល្អ ធ្ងន់ ព្រមទាំងប្រើជង្គង់ និងកែងបានលឿន ។ អ្នកប្រដាល់រូបនេះ មានចិត្តហ៊ានគ្រាន់បើ តែភាពអំណត់របស់គេ មិនសូវខ្លាំងនោះទេ ។ បើគូប្រកួតជ្រុលវាយបន្ថែម គេច្រើនតែដេកតែម្ដង ។
ចំពោះ អ្នកប្រដាល់ថៃ ផេត ណារ៉ុង វិញ លោកថៃ អ៊ូ ដែលជាអ្នកដឹកនាំ អ្នកប្រដាល់ថៃ មកប្រកួតនៅសង្វៀន អាស៊ីអាគ្នេយ៍ អះអាងថា គេមានឈ្មោះ បោះសម្លេងគ្រាន់បើដែរ នៅឯប្រទេសថៃ ។ អ្នកប្រដាល់ថៃ រូបនេះ មានប្រវត្តិប្រកួត ចំនួន៧១ដង ឈ្នះ៦១ដង ចាញ់១០ដង និងស្មើពិន្ទុ១ ដង ។ ចំពោះអ្នកប្រ
ដាល់កម្ពុជា ឃីម បូរ៉ា វិញ គេមានប្រវត្តិប្រកួត ចំនួន១០៥ដង ឈ្នះ៧៩ដង ចាញ់២៥ដង និងស្មើពិន្ទុ ២ដង ។ បន្ទាប់ពីបាត់មុខមួយរយៈ ឃីម បូរ៉ា អាចបង្កើតជ័យជំនះ បានទៀតឬទេ ?។
ចំពោះការប្រកួត រវាងអ្នកប្រដាល់រួមជាតិវិញនោះ ឡុង ហាក់ សមាគមប្រដាល់ ក្រសួងការពារជាតិ ជួបជាមួយអ្នកប្រដាល់ ខាំ កូនខ្លា ក្លិបរ៉ាហាប់ស្វាយប៉ាក ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម ។ អ្នកប្រដាល់ទាំង ២ រូបនេះ ជាអ្នកប្រដាល់ជើងថ្មីទេ ។
លោក ធន សុភា ដែលជាគ្រូរបស់ ឡុង ហាក់ និយាយថា សិស្សរបស់លោក នៅខ្ចីបន្តិចមែនហើយ ។ ចំពោះលោក បឺត សំខាន់ ដែលជាគ្រូរបស់កីឡាករ ខាំ កូនខ្លា និយាយថា សិស្សរបស់លោក ខ្ចីដែរ លោកជឿថា ពួកគេ នឹងវ៉ៃគ្នាបានល្អមើល ។
នឹម នន ក្លិបទ័ពឆ័ត្រយោង ៩១១ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ ភួង ពិសិដ្ឋ ក្លិបខេត្តរតនគីរី ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ នឹម នន ជាអ្នកប្រដាល់ ដែលប្រើជើងទាត់ បានល្អ ចំពោះ ភួង ពិសិដ្ឋ ជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃរហ័ស និង ធ្ងន់ ។ អ្នកពូកែជើង និង អ្នកពូកែដៃ ជួបគ្នាមិនដឹងថា រញ្ជួយសង្វៀន កម្រិតណានោះទេ ។
ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយ អ្នកប្រដាល់ ពុទ្ធ ម៉ាណូយ របស់ក្លិបពុទ្ធសេរីវង្ស ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ ពួកគេ ជាអ្នកប្រដាល់ជើងខ្លាំង ដែលចូលចិត្តវ៉ៃប្ដូរ ហើយនៅលើសង្វៀន គេតែងតែបើកប្រតិបត្តិការ ភ្លាមៗ តាំងពីទឹកទី១ ទៅដោយគ្មានសំចៃ កម្លាំងឡើយ ។ ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះ ទាំងអ្នកឈ្នះ ទាំងអ្នកចាញ់ ប្រាកដជាទ្រមខ្លួន ដូចគ្នាជាមិនខានឡើយ ។
សេក វិសាល ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយអ្នកប្រដាល់ ឡុង សុភ័ស្ស ក្លិបសាលវ័ន្ដកីឡា ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ៕v