សកម្មជនអាកាសធាតុវ័យជំទង់ ហ្គ្រេតា ថាន់បឺក និងចលនាតវ៉ាជាសកល ឈ្មោះថា “ថ្ងៃសុក្រសម្រាប់អនាគត” ត្រូវបានតែងតាំងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ មករាសម្រាប់រង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០ដោយសមាជិកសភាស៊ុយអែតពីររូប។
សមាជិកសភាគណបក្សឆ្វេងនិយម លោក ជេន ហូម និងលោក ហាកាន់ ស្វិនវ៉េលីង បានសរសេរលិខិតមួយទៅកាន់គណៈកម្មាធិការពានរង្វាន់ណូបែលន័រវែសថា “ហ្គ្រេតា ថាន់បឺកគឺជាសកម្មជនអាកាសធាតុមួយរូប ហើយមូលហេតុចម្បងដែលនាងសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាពគឺថា ទោះបីនាងនៅក្មេងក៏ដោយ ក៏ប៉ុន្តែនាងបានខិតខំធ្វើឱ្យអ្នកនយោបាយបើកភ្នែកធំៗមើលវិបត្តិអាកាសធាតុ”។
ពួកគេទាំងពីរបាននិយាយថា “វិបត្តិអាកាសធាតុនឹងបង្កើតជម្លោះថ្មីហើយទីបំផុតនាំមកនូវសង្គ្រាម។ សកម្មភាពសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នរបស់យើងនិងការគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏ជាសកម្មភាពនៃការធ្វើឱ្យមានសន្តិភាពផងដែរ”។
អ្នកទាំងពីរបានបន្ថែមថា បើគ្មានចលនាថ្ងៃសុក្រសម្រាប់អនាគត និង ហ្គ្រេតាថាន់បឺកទេ “បញ្ហាអាកាសធាតុនឹងមិនស្ថិតនៅលើរបៀបវារៈដល់ទំហំធំធេងដូចបច្ចុប្បន្ននេះទេ”៕ ដោយ៖ កញ្ញាដាលីស