
ដោយៈមុនីរ័ត្ន/ ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសជាផ្លូវការថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលចំនួន ៧ រួមមាន ១.កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ,២. វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប ,៣.កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុប,៤. វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប, ៥. វេទិកាការងារអាស៊ី-អឺរ៉ុប ,៦.វេទិកាប្រជាជនអាស៊ី-អឺរ៉ុប និង ៧.មហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប។ ជាកិច្ចបញ្ចប់ អង្គប្រជុំទាំងមូល សំដែងការសារទរ និងរង់ចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយលេខាធិការដ្ឋានអាស៊ាន និង សហភាពអឺរ៉ុប។ នេះគឺជាលើកទី១ហើយ តាំងពីឆ្នាំ ១៩៩៦មក ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលរៀបដែលរៀបចំធ្វើ២ឆ្នាំម្តង។
កិច្ចប្រជុំនេះ គឺជាការបើកផ្លូវឲ្យមានជំនួបពិភាក្សាក្នុងក្របខណ្ឌតំបន់ និងសកលលោកទាំងមូល រួមមានទាំងបញ្ហានយោបាយ ការទូត ការអភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការលើកកម្ពស់សមភាពស្ត្រី និងកុមារី ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរុប សន្តិសុខ ការទប់ស្កាត់ភេរវកម្ម ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម៕សរន