ដោយៈចាន់តូ/ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ សង្ស័យទើបចេញពីក្លិបដើរតាមផ្លូវ ត្រូវបានរថយន្តបើកបុកប៉ើងជាង១០ម៉ែត្រ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែករថយន្តបើកគេចទៅបាត់ បន្សល់បំណែកសន្ទះជ័រគម្របធុងទឹករថយន្តព្រុស នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខបុរីសង់ថ្មី ភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ។
នារីរងគ្រោះ មិនស្គាល់អត្តសញ្ញាណ មានវ័យប្រមាណ១៨ឆ្នាំ ពាក់អាវសាច់សារូ ផ្កាលឿង ស្លៀកខោខូវប៊យខៀវជើងខ្លី កាបូបខ្មៅមួយ មានសុទ្ធតែ ក្រេម ម្សៅ។ នៅកន្លែងកើតហេតុ បន្សល់ទុកតែបំណែកសន្ទះជ័រការពារធុងទឹក។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់ក៏មិនបានឃើញដែរ តែនៅពេលដែលឆ្លងកាត់ចំណុចខាងលើ ឃើញជនរងគ្រោះ ដេកដួលក្នុងសភាពបែបនេះទៅហើយ ទើបប្រាប់ប្រជាការពារ នាំគ្នាទៅមើល រាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានចុះពិនិត្យមើលជាក់ស្តែង៕B/Ha