ឧក្រិដ្ឋ ជនជាជនជាតិចិន២នាក់​ពាក់ពន្ធ័ ប្លន់ប្រដាប់អាវុធ និង​ចាប់ជំរឹត ត្រូវចាប់ខ្លួននៅក្រុង​ព្រះសីហនុ

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនដោយសង្សយ័ថា ពួកគេ ប៉ុនប៉ងចេញ ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ និងចាប់ជំរិត កាលពីយប់ទៀបភ្លឺថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ ខណៈពេលកម្លាំងជំនាញផែននគរ​បាលព្រហ្មទណ្ឌកំពុងល្បាតនៅចំណុចអូរ៥ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនសង្សយ័ជិះរថយន្ត១គ្រឿង ម៉ាក HighLander ពណ៌សំបកឪឡឹក ពាក់ស្លាកលេខខាងមុខ ព្រៃវែង 2A-0718 ចំណែកខាងក្រោយគ្មានស្លាកលេខ ពេលកម្លាំងសមត្ថកិច្ចឃាត់ដើម្បីត្រួតពិនិត្យ ស្រាប់តែរថយន្តនោះមិនព្រមឈប់ហើយបើកគេចយ៉ាងលឿន។

បន្ទាប់មកកម្លាំងសមត្ថកិច្ចក៍បានប្រដេញតាមចាប់រហូតដល់ចំណុចផ្លូវអូរ៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ទើបស្ទាក់ឃាត់បាន ក្នុងនោះភ្លាមៗ មានជនជាតិចិនចំនួន ០៣នាក់ បានបើកទ្វាររថយន្តរត់គេចខ្លួន ហើយសមត្ថកិច្ចបានធ្វើការស្ទាក់ឃាត់ខ្លួនបាន ០២នាក់ ចំណែក ០១នាក់ ទៀតបានរត់គេចខ្លួនបាត់។

នៅក្នុងរថយន្តឃើញមាន ស្លាកលេខចំនួន ២សន្លឹក (ភ្នំពេញ 2A-6150) , ដំបងឆក់ ១ដើម , ទូរស័ព្ទដៃ ចំនួន ៤គ្រឿង, ខ្នោះដៃចំនួន ៤គូរ , កូនសោរខ្នោះ ចំនួន ៤ និង កាំភ្លើង ១ដើម ម៉ាក K-54 ពណ៌ខ្មៅ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម ១-ឈ្មោះ CHEN PAN YU ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ២-ឈ្មោះ ZHANG CHONG HUI ភេទប្រុស អាយុ៣៣ឆ្នាំ ជន​ជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង សញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់។ រីឯ​ជនសង្ស័យដែលរត់គេចខ្លួន កម្លាំងជំនាញរបស់យើង កំពុងធ្វើការស្វែងរកចាប់ខ្លួន។

ក្នុងឱកាសនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទថ្លែងសារជូនបងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ដំណឹងមកប្រព័ន្ធទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានលេខៈ 097 778 0008 , 031 374 9848 , 011 506 677 នៅពេលដែលប្រទះឃើញរថយន្តទាំងឡាយណាដែលមិនប្រក្រតី ដូចជា រថយន្តគ្មានផ្លាកលេខ មានស្នាមដោះស្លាកលេខ ផ្លាកលេខមានតែខាងមុខ អត់មានខាងក្រោយ ផ្លាកលេខមានតែខាងក្រោយ អត់មានខាងមុខ ផ្លាកលេខខាងមុខ និងខាងក្រោយខុសគ្នា រថយន្តដែលយកថង់ ស្កុត ក្រណាត់ បិទបាំងផ្លាកលេខ ឬផ្លាកលេខបិទស្កុតជាដើម៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular