ដោយ៖តារារិទ្ធ-ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមិនដែលធ្វើការសម្រេចចិត្តណាមួយដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ ។ សម្តេចមិនធ្វើអ្វីដែលនឹងនាំឱ្យខូចប្រយោជន៍ជាតិនិងប្រជាពលរដ្ឋកម្ពុជានោះឡើយ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការនៃការ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ ដែលបានប្រព្រឹត្តធ្វើនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ។
សម្តេចតេជោបន្តថា៖ កម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាពសហប្រតិបត្តិការ ទំនាក់ទនងនិងភាពជាដៃគូល្អប្រសើរដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើតនិងកណ្តាល នៅអាស៊ី កណ្តាល នៅអាហ្វ្រិក មជ្ឍិមបូព៌ា និងអាម៉េរិកឡាទីន។ ជាការពិត ការធ្វើមិត្តជាមួយគ្រប់គ្នាងាយនិយាយជាងធ្វើឆ្ងាយណាស់ ។ ជាពិសេសចំពោះប្រទេសតូចដូចកម្ពុជាដែលសម្ពាធពីខាងក្រៅតែងបង្ខំឱ្យយើងជ្រើសរើសមិត្ត ឬក៏ឱ្យយើងធ្វើជាមិត្តជាមួយប្រទេសនេះនិងយកប្រទេសផ្សេងជាសត្រូវ ។ ក៏ប៉ុន្តែទោះធ្វើមិត្តជាមួយនរណាក៏ដោយ ក៏មិនមានន័យថាកម្ពុជាបោះបង់ចោលឯករាជ្យនិងអធិបតេយ្យខ្លួននោះទេ។
សម្តេចតេជោមានប្រសាសន៍ថា៖ «ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនដែលធ្វើសេចក្តីសម្រេចណាដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ ។ខ្ញុំមិនធ្វើអ្វីដែលនឹងនាំឱ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ» ៕/Ha