ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០១៨=២០១៩និងទិសដៅឆ្នាំសិក្សា២០១៩=២០២០។
ក្នុងឱកាសនោះលោកអភិបាលខេត្តបានថ្លែងអណរគុណជ្រាលជ្រៅនិងកោតសសើរចំពោះថ្នាក់ដឹកនាំមន្ត្រីអប់រំគ្រប់ថ្នាក់លោកគ្រូអ្នកគ្រូមាតាបិតាអាណាព្យាបាលសិស្សសប្បុរសជនសហគមន៍មូលដ្ឋានអាជ្ញាធរដែនដីនិងដៃគូអភិវឌ្ឍនានាដែលបានផ្តោតការយកចិត្តទុកដាក់ឱ្យអស់លទ្ធភាព។ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគុណភាពអប់រំក្នុងខេត្ត។
លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថា៖នៅឆ្នាំ២០២០នេះក៏ជាឆ្នាំដែលអាស៊ានកំពុងអភិវឌ្ឍពីសមាគមទៅសហគមន៍អាស៊ានហើយឈានទៅអនុវត្តខ្លឹមសារប្រធានបទ«សហគមន៍តែមួយវាសនាតែមួយ»។ក្នុងស្មារតីនេះដើម្បីធានាឱកាសអប់រំឲ្យមានគុណភាពប្រកបដោយសមធម៌និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា លោកបានសំណូមពរចាំបាច់មួយចំនួន ដូចខាងក្រោម ៖
មន្ទីរអប់រំយុវជននិងកីឡាខេត្តរួមទាំងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញនូវគោលនយោបាយច្បាប់បទដ្ឋាននិងយន្តការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រងនិងអនុវត្តការងារឲ្យមានប្រសិទ្ធភាពនិងធានាបាននូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពសមត្ថភាពបរិយាប័ន្នសម្រាប់សិស្សានុសិស្សគ្រប់រូបស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
លោកគ្រូអ្នកគ្រូទាំងអស់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀតទាំងផ្នែកចំណេះដឹងនិងវិធីបង្រៀរួមទាំងបច្ចេកវិទ្យាព័ត៌មានភាសាបរទេសដើម្បីយកចំណេះដឹងថ្មីៗមកបង្ហាត់បង្រៀនសិស្សបន្តទៀត។ដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្កើនកិច្ចសហការនិងពង្រឹងភាពជាដៃគូកាន់តែខ្លាំងបន្ថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីនានា។ជាពិសេសនៅកន្លែងដែលមានសេវាអប់រំ ពិបាកទៅដល់ ឬក្រុមសិស្សដែលជួបការលំបាក ឬក្រុមសិស្សងាយរងគ្រោះ។
មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ត្រូវរួមចំណែកឲ្យបានខ្លាំងក្លាបន្ថែមទៀតប្រកប ដោយនិរន្តរភាពក្នុងការជួយអប់រំកូនចៅទាំងផ្នែកសុខភាពចំណេះដឹងនិងសីលធម៌។អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រផ្សេងៗទៀតសម្រាប់គ្រប់លទ្ធភាពព្រមទាំងជំរុញសិស្ស និងយុវជនដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឱ្យមានឱកាសទទួលបានការរៀនសូត្រសារជាថ្មីជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់សិស្សនិងយុវជនដែលមានការពិបាកឲ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។
លោកគ្រូអ្នកគ្រូត្រូវធ្វើការផ្លាស់ប្តូរវិធីសាស្ត្របង្រៀនតាមបែបរិះរកដើម្បីរៀបចំឱ្យសិស្សមានគុណសម្បទាសតវស្សរ៍ទី២១គឺបង្រៀនសិស្សឲ្យមាន វិជ្ជាសម្បទា ចរិយាសម្បទា និង បំណិនសម្បទា។ វិជ្ជាសម្បទាសតវស្សរ៍ទី២១គឺផ្តោតទៅលើការអានសរសេរគិតលេខភាសាបរទេសនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
បំណិនសម្បទាគឺការត្រិះរិះពិចារណាការធ្វើវិភាគច្នៃប្រឌិតការចេះដោះស្រាយបញ្ហានិងការធ្វើសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ។ ចរិយាសម្បទា គឺ សំដៅលើការចង់ចេះចង់ដឹងការចេះផ្តួចផ្តើមមានវិន័យ ទន់ភ្លន់សុចរិតស្មារតីទទួលខុសត្រូវខ្ពស់ចេះប្រាស្រ័យទាក់ទងនិងសហការជាក្រុម។ដើម្បីឱ្យក្លាយទៅជា ពលរដ្ឋសាកលប្រកបដោយគុណភាព៕S/