ដោយៈសាវរក្ស/ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់សម្ផស្សស្អាត កញ្ញា រតនៈ ពិសី បានប្រកាសចែកម៉ាស់ឲ្យដោយឥតគិតថ្លៃចំនួន១ម៉ឺនម៉ាស់ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ដែលគ្រប់គ្នាកំពុងព្រួយបារម្ភនេះ និងកុំឲ្យជនឆ្លៀតឱកាសនិយមលក់ឡើងថ្លៃ ។
ស្រីស្អាតមានចិត្តសប្បុរស កញ្ញា រតនៈ ពិសី បានប្រាប់ថា កញ្ញានឹងបន្តចែករហូតដល់ទៅ១ម៉ឺនម៉ាស់ ដើម្បីបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមិនសូវមានលទ្ធភាពទិញ និងកំពុងមានតម្រូវការម៉ាស់ ស្របពេលដែលកន្លែងលក់ម៉ាស់មួយចំនួន ឆ្លៀតឱកាសឡើងថ្លៃ។ ដំបូងឡើយទើបកញ្ញា ក៏ឆ្លៀតទៅទិញម៉ាស់បានប្រហែល៥ទៅ៦ពាន់ម៉ាស់ ក្នុងតម្លៃថ្លៃគួរសម ដើម្បីចែកជូនដល់បងប្អូនដែលមានតម្រូវការ ហើយនិងបន្តចែករហូតដល់ទៅ១ម៉ឺនម៉ាស់ បន្ថែមទៀត។
តារាស្រីសាច់សខ្ចីសុដន់ទ្រលុកទ្រលន់រូបនេះ បានបន្ថែមថា ការចែកម៉ាស់នេះ គឺនៅទីតាំងមុខហាងរតនៈពិសី ម៉ាស្សា និងស្ប៉ា ដែលមានទីតាំងខាងលិចផ្សារអូឡាំពិក ផ្ទះលេខ២១ ផ្លូវលេខ ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ រតនៈ ពិសី បន្តថា ប្រសិនបើចែកនៅមុខហាងមិនអស់នោះទេ នាងនឹងបន្តចែកនៅតាមភ្លើងស្តុបនានាបន្ថែមទៀត។
ដោយឡែកកាលពីថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាលក៏បានចេញសេចក្តីអំពាវនាវ ពាក់ព័ន្ធការតម្លើងថ្លៃម៉ាស់។ ដោយសេចក្តីអំពាវនាវនោះ មានខ្លឹមសារថា ក្រសួងសុខាភិបាល សូមអំពាវនាវ អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃ ម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់ អាចទិញប្រេីបានផង ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ ផងដែរ។
សូមជម្រាបថា រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន។ គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និងលើស៩០០០ កំពុងមានមេរោគ៕B/