ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូលរួមសន្និបាត សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៨-២០១៩ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។
ក្នុងឱកាសនោះ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រកាសតែងតាំងសមាជិក ៣ រូបបន្ថែមទៀតគឺ លោក វ៉ា ពិសី ជាទីប្រឹក្សាអ្នកច្បាប់ របស់សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា លោក ជីន សំណាង ជាគ្រូពេទ្យសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក ណយ ផាណា ជា អគ្គលេខាធិការរង សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា។
លោក សំ សុខយី អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា សហព័ន្ធសមាជិក គណៈកម្មាធិការប្រតិបត្តិព័ន្ធ ចំនួន ១៣នាក់ មានសមាជិកក្លិប ៧ រួមមាន កីឡាករ កីឡាការិនី ២៩ នាក់ ស្រី៧នាក់ រួមមាន ក្លិបហាត់ប្រាណ-លើកទម្ងន់រ៉ាវី ផ្សារបូរីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ក្លិបហាត់ប្រាណ-លើកទម្ងន់រោមជើម ទីតាំង សង្កាត់បឹងកក់២ ខណ្ឌ៧មករា ក្លិបហាត់ប្រាណ-លើកទម្ងន់គឺងកុង ទីតាំងមុនតិចណូ សង្កាត់ទឹកល្អក់ ខណ្ឌទួលគក ក្លិបហាត់ប្រាណ-លើកទម្ងន់រាជសីហ៍ ផ្ទះ៣៥ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ ក្លិបហាត់ប្រាណ-លើកទម្ងន់វត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក សៀមរាប ក្លិបហាត់ប្រាណ -លើកទម្ងន់គីងកុង ខេត្តកំពត និងក្លិបហាត់ប្រាណ -លើកទម្ងន់ប្ញស្តារ ខេត្តកំពត។
លោកបានបន្តថា យើងបានធ្វើលិខិតស្នើសុំ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ជាសមាជិកពេញសិទ្ធិរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិទី១ ប្រចាំឆ្នាំ២០១៨-២០២២ រៀបចំកសាងបានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សហព័ន្ធកីឡា លើកទម្ងន៍កម្ពុជា និងលិខិតស្នើសុំ ក្រសួងអប់រំ យុវជន និងកីឡា ចេញប្រកាសទទួលស្គាល់ និងអនុញ្ញាត គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បំពេញភារកិច្ចអាណត្តិទី២ ហើយរៀបចំកសាង បានផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍កីឡា លើកទម្ងន់កម្ពុជា ឆ្នាំ២០១៩-២០២៣ របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិទី១ និងផែនការប្រចាំឆ្នាំ២០១៩៕v