ភ្នំពេញៈដោយសារតែជាសម្លាញ់នឹងគ្នាលោកថៅកែដីឡូត៍វ័យក្មេងមួយរូបដែលគេស្គាល់ ឈ្មោះថា “សីហា” បានចេញមុខមកច្រៀងយ៉ាងកម្រក្នុងបទចម្រៀងរបស់ លោក ឡេង ប៊ុនណាត មួយបទមានចំណងជើងថា “មេឃក្រឡាប់លើ” ដែលអត្ថន័យ ចាក់ដោតខ្លាំងសម្រាប់អ្នកដែលមានរឿងផិតក្បត់ក្នុងគ្រួសារ។
លោកថៅកែ វ័យក្មេង ចេញមកច្រៀងបទខាងលើ ខណៈម្ចាស់បទ លោក ឡេង ប៊ុនណាត បានបាត់មុខឈឹងពីសិល្បៈមិនដឹងថាបច្ចុប្បន្នលោកនៅឯណាឡើយ។ និយាយពីការចេញ ច្រៀងរបស់លោក សីហា ជាថៅកែដីឡូត៍វ័យក្មេង ត្រូវបានគេដឹងថា លោកមានហេតុផល ចាំបាច់មួយចំនួន។ ទីមួយ. ដោយសារលោកជាអ្នកចូលចិត្តស្ដាប់រាល់បទរបស់តារាម្រៀង ជើងចាស់ខាងលើ ឬអាចនិយាយបានថា ឡេង ប៊ុនណាត ជា អាយដុល(idol) របស់លោក។ ទីពីរ. បទចម្រៀង “មេឃក្រឡាប់លើ” ជាបទពិរោះ និងកម្រមានអ្នកធ្លាប់បានស្ដាប់ណាស់។ ហេតុផលទីបី.ដែលពិសេសបំផុត គឺលោក ច្រៀងឧទ្ទិសទៅមិត្តម្នាក់ ដែលបានជួបរឿងរ៉ាវ ប្រពន្ធក្បត់ផិត រហូតដល់អស់ជីវិតខ្លួនឯង គួរឲ្យស្រណោះបំផុតថែមទៀត។
លោក សីហា ប្រាប់ថា មិត្តដ៏អភ័ព្វរបស់លោកនោះ ដើមឡើយ គឺជាគ្រូបង្រៀនដ៏ស្លូតបូតមួយ រូបមានភរិយា និងកូនពីរនាក់។ បន្ទាប់ពីរួមរស់ជាមួយគ្នាបានជាកូន ពូនជាចៅ ភរិយារបស់ លោក បែរជាបែកឆ្វេងទៅលួចមានសហាយ ហើយនាំមកនេបនិត្យស្នេហ៍ដល់ផ្ទះថែមទៀត។ មិត្តរបស់លោក បានឱ្យដឹង ព្រោះបានតាមទាន់ម្ដងជាពីរដង ប៉ុន្តែដោយសារជាតិជាមនុស្ស ស្លូតបូត និងមានការអប់រំ មិត្តរបស់លោកមិនបានប្រព្រឹត្តហិង្សាលើពួកគេឡើយ ប៉ុន្តែបាន ស្ដីប្រដៅភរិយា ឲ្យឈប់ធ្វើទង្វើបែបនេះទៀត វានាំឲ្យអាម៉ាស់ដល់ខ្លួនឯង និងគ្រួសារ ប៉ុន្តែអ្វីៗមិនអាចកែប្រែបាន ពោលគឺភរិយារូបនោះ នៅតែបន្តទង្វើក្បត់ផិតនេះដដែលជា ដដែល។ មិនត្រឹមប៉ុណ្ណឹង ភរិយារូបនោះ នៅបានរួមគំនិតគ្នាជាមួយសហាយសម្លាប់មិត្តភ័ក្ដិ លោក ឲ្យស្លាប់ចោលកូនទាំងពីរដែលលោកស្រឡាញ់ស្មើជីវិតថែមទៀត ដើម្បីដណ្ដើមយក ទ្រព្យសម្បត្តិរបស់លោក។
លោកថៅកែ សីហា បានប្រាប់ថា ក្រោយមិត្តភ័ក្ដិកើតរឿងទើបលោកដឹងរឿងដ៏គួរឲ្យ សង្វេគនេះ ខណៈកាលនៅរស់មិត្តរូបនេះ បានស្នើឲ្យលោកច្រៀងបទចម្រៀងខាងលើឲ្យ ស្ដាប់ជារឿយៗ តែលោកមិនចាប់ថ្នាក់ ថាជាសាច់រឿងពិតរបស់គេ។ ដូច្នេះហើយទើបលោក ចេញមកច្រៀងបទចម្រៀង “មេឃក្រឡាប់លើ” ឧទ្ទិសទៅដល់ដួងវិញ្ញាក្ខន្ធមិត្តលោក និង សូមបួងសួងឲ្យបានទៅដល់ឋានសុគតិភព ហើយជាតិក្រោយកុំអោយអភ័ព្វដូចជាតិនេះទៀត។
សូមរំលឹកថាកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងពាក់កណ្ដាលអធ្រាត្រមាន ករណីបាញ់សម្លាប់គ្រូបង្រៀនម្នាក់នៅនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្រោយ ហេតុការណ៍ ប៉ូលីសបានស្រាវជ្រាវរហូតដល់ឃាត់បានខ្លួនជនសង្ស័យ ដែលជាភរិយារបស់ ជនរងគ្រោះតែម្ដងឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន អាយុ២៦ឆ្នាំ គ្មានមុខរបរស្នាក់នៅជា មួយប្តី(សពឈ្មោះ រឿន រតនា) នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែង កើតហេតុខាងលើ។ ក្រោយពីការសួរដេញ ដោលរបស់សមត្ថកិច្ចជាច្រើនដងជនសង្ស័យបាន ព្រមឆ្លើយសារភាពថា ខ្លួនជាអ្នកនៅពីក្រោយករណីឃាតកម្មចំពោះប្ដីរបស់ខ្លួន។
ចំពោះមូលហេតុនៃការសម្លាប់នោះ នារីជាមេគំនិត ប្រាប់ថា ដោយសារតែនាងនិងជនរងគ្រោះ រស់នៅមិនចុះសម្រុងនឹងគ្នា។ ពិសេសគឺជនរងគ្រោះបានធ្លាប់មានទំនាស់ពាក្យសំដីជាមួយ ឈ្មោះ មករា ជាអតីតសង្សារនាងផង។ ទើបដូច្នេះកាលពីយប់ថ្ងៃកើតហេតុនោះ នាង ក៏បានរៀបចំផែនការជាមួយសង្សារ សម្លាប់ស្វាមីដោយបានទូរសព្ទហៅស្វាមី ពេលថ្ងៃនោះ លោកបានជាប់រវល់ទៅបុណ្យនៅស្រុកកំណើតខេត្ត កណ្ដាល ឲ្យប្រញាប់ត្រឡប់មកផ្ទះ ហើយនាងបានឲ្យសង្សារនាងទៅចាំស្ទាក់ផ្លូវហើយបានបាញ់សម្លាប់ស្វាមីអភ័ព្វបណ្ដាល ឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្ដង៕ ដោយៈ បូរិន