ដោយ:សុខុម/ស្ទឹងត្រែង:ចោរមួយក្រុមឈប់ម៉ូតូចូលប្រមូលលុយអស់ជាងមួយម៉ឺនដុល្លារនៅផ្ទះប្តូរប្រាក់វិងមួយកន្លែងស្ថិតក្នុងភូមិត្រពាំងព្រីងសង្កាត់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងកាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០។
ក្រោយពីកើតហេតុម្ចាស់ផ្ទះប្តូរប្រាក់បានរាយការណ៍ទៅសមត្ថកិច្ច។នៅក្នុងរូបវិដេអូកាមេរ៉ាសុវត្ថិភាពមើលឃើញថាមានមនុស្សវ័យជំទង់ពីរនាក់បានជិះម៉ូតូទៅឈប់មុខផ្ទះវីងប្តូរប្រាក់នៅទីតាំងខាងលើ។ក្នុងនោះមានម្នាក់ឈប់ម៉ូតូធ្វើជានិយាយទិញកាតទូរស័ព្ទជាមួយម្ចាស់ផ្ទះ។រីឯមនុស្សម្នាក់ទៀតដើរសំដៅទៅកន្លែងទុកលុយហើយប្រមូលយករួចក៏ដើរចេញមកវិញ។
ស្ត្រីជាម្ចាស់ផ្ទះមិនបានចាប់អារម្មណ៍ទៅនឹងល្បិចចោរនោះឡើយ។លុះពេលបាត់លុយពិនិត្យមើលកាមេរ៉ាសុវត្ថិភាពទើបដឹងថាមានចោរមួយក្រុមបន្លំយកលុយ។សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងសន្និដ្ឋានថាទំនងចោរមានគ្នាចាប់ពីរនាក់ឡើង។រូបភាពវីដេអូឃើញម្នាក់ធ្វើជានិយាយជាមួយម្ចាស់ផ្ទះ។ឯម្នាក់ទៀតដើរចូលទៅប្រមូលយកលុយរួចនាំគ្នាគេចខ្លួនអស់៕S/
