ដោយគូលែន/សៀមរាប៖ចេតិយជ័យនន្ទមានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើតនៃថែវទី៣។មានមនុស្សតិចណាស់ដែលបានដឹងពីប្រវត្តិចេតិយនេះអ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?
បើតាម លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថានៅថែវទី៣ខាងកើតនៃប្រាសាទអង្គរវត្តទល់មុខចេតិយជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង។បានសរសេររៀបរាប់យ៉ាងពិស្ដារជុំវិញប្រវត្តិនៃការសង់ចេតិយនេះ។យោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅសាវរស់ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរបានឱ្យដឹងថា ចេតិយនេះ សង់ឡើងនៅឆ្នាំ ១៧០១ នៃគ.ស និង ១៦២៣ សករាជ។
លោកបានបន្តថាតាមសិលាចារឹកខាងលើបានរៀបរាប់ពីទុក្ខសោករបស់លោកជ័យនន្ទដែលបានបាត់បង់ប្រពន្ធ និងកូន និងបាននាំសាកសពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត។ លោកបន្ថែមថា លោក ជ័យនន្ទជាមន្ត្រីខ្ពង់ខ្ពស់ម្នាក់ដែលបម្រើការក្នុងរាជវាំងដែលកាលនោះរាជធានីនៅឧត្តុង្គ។គេដឹងត្រឹមថាគាត់មានទុក្ខពេលបាត់បង់ប្រពន្ធនិងកូនហើយក៏មិនដឹងថាការស្លាប់នោះដោយសារបញ្ហាអ្វីដែរ។ដូច្នេះគាត់មិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសមក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់»។
នៅសម័យនោះទាំងលោកជ័យនន្ទនិងរាស្ត្រទូទៅបានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់និងអស្ចារ្យ។ជំនឿនេះមានតជារហូតមកដោយអ្នកស្រុកដែលមានជំនឿតែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត។លោកអ៊ាដារិទ្ធបានលើកឧទាហរណ៍អំឡុងឆ្នាំ២០០០ជាងពេលលោកធ្វើកំណាយពីប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទក៏ប្រទះឃើញគំនរឆ្អឹងជាច្រើនទាំងកប់ផ្ទាល់ដីនិងខ្លះដាក់ក្នុងកុលាលភាជន៍។
បើតាមការពន្យល់របស់លោក អ៊ា ដារិទ្ធ និងយោងតាមសិលាចារឹក ចាប់ពីស.វទី១៦ ដល់ទី១៨ ប្រាសាទអង្គរវត្ត ត្រូវបានគេឱ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២។នេះមានន័យថាប្រាសាទអង្គរវត្តនាសម័យកាលនោះត្រូវបានគេចាត់ទុកជាប្រាសាទផងនិងជាចេតិយផង។យោងតាមសិលាចារឹកនៅអង្គរវត្តទាំងរាស្ត្រនិងខ្សែរាជវង្សានុវង្សនាសម័យនោះបានមកសំពះព្រះធ្វើបុណ្យប្រោសខ្ញុំនិងធ្វើសច្ចាប្រណិធានជាដើម។
ហេតុការណ៍ខាងលើនេះហើយទើបធ្វើឱ្យអ្នកស្រាវជ្រាវបានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថាប្រហែលអ្នកស្រុកមានបំណងចង់ភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់របស់ព្រះបាទសូរ្យវរ្ម័នទី២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ៕S/
រូបភាព: ប្រវត្តិចេតិយ ជ័យនន្ទដែលសង់ក្នុងបរិវេណប្រាសាទអង្គរវត្ត៕ដកស្រង់ចេញពីអាជ្ញាធរអប្សរា