ដោយគូលែន/សៀមរាបៈមនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីម៉ូតូចំនួន២គ្រឿងបានបើកបុកគ្នាតាមបណ្តោយផ្លូវជាតិលេខ៦។ករណីកើតហេតុយ៉ាងរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះស្ថិតនៅភូមិស្វាយជ័យឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាប។
សមត្ថកិច្ចស្រុកប្រាសាទបាគងបាននិយាយថាហេតុការណ៍ម៉ូតូបុកគ្នានេះគឺរវាងម៉ូតូ២គ្រឿងដែលបើកបញ្ច្រាស់ទិសគ្នាដោយមួយទៅពីទិសលិចនិងមួយគ្រឿងទៀតមកពីទិសកើតដោយម៉ូតូមួយគ្រឿងម៉ាកហុងដាផលិតឆ្នាំ២០០៥និងមួយគ្រឿងទៀតម៉ាកហុងដាផលិតឆ្នាំ២០១៥ ។
សមត្ថកិច្ចដដែលបាននិយាយថា មុនពេលកើតហេតុម៉ូតូមួយគ្រឿងម៉ាកហុងដាផលិតឆ្នាំ២០០៥ បានបើកពីទិសកើតទៅទិសលិចដោយបើកបរដោយឈ្មោះទីតថនភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិយាងឃុំខ្ចាស់ស្រុកសូទ្រនិគមបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ដោយឡែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាផលិតឆ្នាំ២០១៥ បានបើកបរពីទិសលិចទៅទិសកើត ដោយអ្នកបើកបរឈ្មោះ ជៀត ជិន ភេទប្រុស អាយុ៣៧ឆ្នាំ និងអ្នករួមដំណើរជាមួយ២នាក់ទៀតមានឈ្មោះ ព្រេក ភេទស្រី អាយុ៧៧ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ស្ងួន ជៀត ភេទប្រុស អាយុ៦៨ឆ្នាំ ។
អ្នកទាំង៣រស់នៅភូមិត្រាំងឃុំកណ្តែកស្រុកប្រាសាទបាគងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុទាំងអស់គ្នា។សមត្ថកិច្ចបានបន្តទៀតថាម៉ូតូទាំង២គ្រឿងដែលបុកគ្នាស្លាប់ទាំង៤នាក់នេះបានបើកបរដោយគ្មានការប្រុងប្រយ័ត្ននិងមានល្បឿនលឿនថែមទៀតផង។ម៉ូតូទាំង២គ្រឿងដែលបង្កគ្រោះថ្នាក់នោះសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរង់ចាំធ្វើការដោះស្រាយ៕S/
រូបភាពៈ ម៉ូតូបុកជាមួយម៉ូតូស្លាប់មនុស្ស៤នាក់យ៉ាងអណោចអធម៕គូលែន