ជនជាតិវៀតណាមដែលបានបង្ហោះព័ត៌មានមិនពិតអំពីការឆ្លងកូរ៉ូណាវីរុសនៅលើបណ្តាញសង្គមត្រូវបានឃាត់ខ្លួននិងពិន័យប្រាក់។
ហា ធី ឡេ ញឹនអាយុ៣៤ឆ្នាំ នៅក្រុងវ៉េ, ត្រឹន វ៉ាន់ ទុង អាយុ២២ឆ្នាំនៅខេត្តបារ៉ាយ វុងតាវ និងវូធី ថាញ់ នៅទីក្រុងហាយហ្វុង បានបង្ហោះសារអំពីការឆ្លងកូរ៉ូណាវីរុសនៅតំបន់របស់គេ។តែតាមពិតមិនមានការកើតជម្ងឺបង្កឡើងពីវីរុស nCoV នៅមូលដ្ឋានរបស់គេទេ។
ញឹនត្រូវបានអាជ្ញាធរបញ្ជាអោយបង់ប្រាក់ពិន័យ១២,៥លាដុង(៥៤០ដុល្លា) ទុងបង់១៥លានដុង និង ហាញ់ បង់១០លាន។
ហា ធី ឡេ ញឹន ចុះហត្ថលេខាលើរបាយការណ៍ប៉ូលិសក្រុងវ៉េកាលពីថ្ងៃ៣០មករា
ញឹនបានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់នាងកាលពីព្រឹកថ្ងៃពុធ ថា «ក្រុងវ៉េរកឃើញអ្នកឆ្លងវីរុសnCoVមួយករណី។អ្នកជម្ងឺ ជាជនជាតិចិនមកពីក្រុងវូហានហើយឥឡូវត្រូវដាក់នៅដាច់ពីគេក្នុងមន្ទីរពេទ្យធំក្រុងវ៉េ»។
នាងក៏បានបង្ហោះព័ត៌មានដដែលលើក្រុមហ្វេសប៊ុកជាច្រើន។ញឹនបានលុបចោលព័ត៌មានដែលនាងបានបង្ហោះនៅពេលរសៀលថ្ងៃពុធ តែព័ត៌មានបានបង្កការយល់ច្រឡំក្នុងចំណោមមនុស្សជាច្រើន។
ក្នុងទង្វើដូចគ្នា ទុង បានបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃចន្ទថា«មន្ទីរពេទ្យLe Loi ក្នុងទីក្រុងវុងតាវ ដាក់ជនជាតិចិន២នាក់នៅដាច់ពីគេដោយសារសង្ស័យឆ្លងកូរ៉ូណាវីរុសថ្មី»។គាត់បានលុបចោលសារនោះបន្ទាប់ពីមន្ទីរពេទ្យបដិសេធព័ត៌មាននោះ និងបានរាយការណ៍ទៅប៉ូលិស។
ទុងបានសារភាពថាខ្លួនបានឮពាក្យចចាមអារ៉ាមអំពីការឆ្លងវីរុសនេះហើយក៏សរសេរបង្ហោះទៅ។
ចំណែកថាញ់បានសរសេរក្នុងគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអាទិត្យថា«ការឆ្លងវីរុសវូហានមួយករណីត្រូវបានរកឃើញនៅហាយហ្វុង និងអ្នជម្ងឺត្រូវដាក់នៅដាច់ពីគេនៅមន្ទីរពេទ្យViet Tiep »។
វូធី ថាញ់ ចុះហត្ថលេខាលើរបាយការណ៍ប៉ូលិសកាលពីថ្ងៃ៣០មករានៅនាយកដ្ឋានប៉ូលិសហាយហ្វុង
គិតមកត្រឹមថ្ងៃសុក្រទី៣១មករា វៀតណាមបានបញ្ជាក់អះអាងថាមានរកឃើញអ្នកផ្ទុកវីរុសnCoV ចំនួន៥ករណី គឺ២នាក់ជាជនជាតិចិននិង៣នាក់ជាជនជាតិវៀតណាមមកពីក្រុងវូហាន៕ប្រែសម្រួល៖វាសនា