ដោយៈសុផល/ភ្នំពេញៈ អង្គការសុខភាពពិភពលោក (WHO) បានចេញប្រកាសអាសន្នជាសកលមួយ ចំពោះការវាយប្រហារនៃជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅលើពិភពលោកខណៈដែលអ្នកស្លាប់នៃជំងឺនេះបានកើនដល់២១៣នាក់នៅក្នុងប្រទេសចិននិងកំពុងឆ្លងរាលដាលដល់មនុស្សជាង៩.០០០នាក់គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។
លោកTedrosAdhanomGhebreyesusប្រធានអង្គការសុខភាពពិភពលោកបានប្រាប់អ្នកសារព័ត៌មានពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការព្រួយបារម្ភដ៏ធំរបស់យើង គឺសក្តានុពលនៃមេរោគ (កូរ៉ូណា) ដែលរាលដាលទៅកាន់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។លោកបានបន្តថាប្រទេសទាំងអស់ត្រូវចូលរួមចាប់ពីពេលនេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទៅមុខទៀត។
តបទៅនឹងការប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក(WHO)លោកម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា«ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា »។
សូមជម្រាបកម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណានៅលើខ្លួនជនជាតិចិនម្នាក់ដែលបានចាកចេញពីក្រុងវូហានប្រទេសចិនដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
•បុរសជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុអរគុណគ្រូពេទ្យកម្ពុជាក្រសួងសុខាភិបាល និងសម្តេចតេជោហ៊ុនសែននៅក្នុងវីដេអូគ្លីបមួយដែលLiveតាមទូរស័ព្ទចេញពីបន្ទប់ពេទ្យនាព្រឹកថ្ងៃទី៣១ខែមករាដែលទទួលបានពីមន្ទីរពេទ្យខេត្តព្រះសីហនុ។បុរសជនជាតិចិនម្នាក់ដែលឆ្លងវីរុសកូរ៉ូណានិងកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅខេត្តព្រះសីហនុនោះបាននិយាយថា៖គាត់មានសុខភាពល្អនិងមានភាពសប្បាយរីករាយ។
លោកសូមអរគុណគ្រូពេទ្យកម្ពុជាក្រសួងសុខាភិបាលនិងជាពិសេសសម្តេចតេជោហ៊ុនសែនដែលបានយកចិត្តទុកដាក់ព្យាបាលគាត់។យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថា៖គិតត្រឹមល្ងាចថ្ងៃទី៣១ខែមករាឆ្នាំ២០២០ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីមានសុខភាពល្អធម្មតានិងកាន់តែប្រសើរជាងមុន៕S/
ចំណងជើងរូបថត៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរលាកសួតថ្មី