ចំនួនមនុស្សស្លាប់ដោយជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុសនៅចិន ឥឡូវកើនដល់២៥៩នាក់ នៅពេលអាជ្ញាធរបានប្រកាសការស្លាប់ថ្មីចំនួន៤៦នាក់ទៀតនៅក្នុងខេត្តហ៊ូប៉ី កាលពីថ្ងៃសៅរ៍ទី០១កុម្ភៈ។
ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មាធិការសុខាភិបាលខេត្តក៏បាននិយាយថា ការឆ្លងថ្មីនៅក្នុងខេត្តបន្តកើនឡើងក្នុងល្បឿនថេរគឺមានមនុស្សឆ្លង២.១០២នាក់ទៀតក្នុង២៤ម៉ោងកន្លងមក។ចំនួនឆ្លងចុងក្រោយនេះធ្វើឲ្យអ្នកឆ្លងកូរ៉ូណាវីរុសនៅទូទាំងប្រទេសចិនឡើងដល់១១.៧៩១នាក់ តែខេត្តហ៊ូប៉ី ដែលជាស្នូលនៃការផ្ទុះវីរុសឆ្លងនេះមានចំនួនអ្នកស្លាប់និងឆ្លងភាគច្រើនបំផុត។
វីរុសnCoV ដែលត្រូវគេជឿថាមានប្រភពចេញពីផ្សារលក់សាច់មួយក្នុងទីក្រុងវូហាន កាលពីចុងឆ្នាំមុន បានរាលដាលទៅគ្រប់តំបន់នៃប្រទេសចិននិងបង្ហាញខ្លួននៅយ៉ាងតិច២០ប្រទេសដោយសារអ្នកដំណើរទៅពីចិន។
មន្ត្រីបក្សជាន់ខ្ពស់ម្នាក់នៅក្រុងវូហាន កាលពីថ្ងៃសុក្រ បានសម្តែងការសោកស្តាយដោយសារអាជ្ញាធរមូលដ្ឋានចាត់ការយឺតពេកក្នុងការទប់ស្កាត់វីរុសនេះកុំឲ្យវាឆ្លងរាលដាល។
ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើនបានព្យាយាមជម្លៀសពលរដ្ឋរបស់គេចេញពីទីក្រុងវូហាន ដោយអាម៉េរិក ជប៉ុន អង់គ្លេស បារាំងនិងកូរ៉េខាងត្បូង បានធ្វើការជម្លៀសពលរដ្ឋរបស់គេរាប់រយនាក់នៅសប្តាហ៍ននេះ ហើយប្រទេសមួយចំនួនទៀតនឹងធ្វើតាម។
យន្តហោះមួយដឹកជនជាតិឥណ្ឌាជាង៣០០នាក់ បានចាកចេញពីវូហានកាលពីព្រលឹមថ្ងៃសៅរ៍ ឆ្ពោះទៅកាន់ទីក្រុងញូវដែលលី។
រុស្ស៊ីក៏បាននិយាយថា ខ្លួននឹងជម្លៀសពលរដ្ឋរបស់ខ្លួនជាង២.៥០០នាក់ចេញពីកោះហៃណាន់ នៅមួយថ្ងៃក្រោយប្រកាសបិទព្រំដែនជាមួយចិន៕ប្រែសម្រួល៖វាសនា/Ha
តារាងបង្ហាញកំណើនអ្នកស្លាប់ដោយកូរ៉ូណាវីរុស និងប្រទេសដែលរកឃើញវា