សម្តេចតេជោ ហ៊ុន សែន នឹងជួប ប្រធានាធិបតីកូរ៉េក្នុងកិច្ចប្រជុំ កំពូលពិភពលោកឆ្នាំ២០២០ នៃ អង្គការសហព័ន្ធសន្តិភាពសកល

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការ សហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំធុរកិច្ច នៃ សភាពាណិជ្ជកម្មកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិបានបញ្ជាក់ថា ក្នុងអំឡុង​ពេលស្នាក់នៅសាធារណរដ្ឋកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញ​ជួបប្រជុំជាមួយលោកមូន ចេអ៊ីន (Moon Jae-in)ប្រធានាធិបតីនៃ​សាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហា​តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ បន្ថែមពីនេះ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់រៀបចំដោយលោកជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះលើមូលបទរបស់​កិច្ចប្រជុំកំពូល ស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹង​ឥស្សរជនបរទេសមួយចំនួនទៀតដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០នៃអង្គការសហព័ន្ធសន្តិភាពសកល ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុង រស់នៅនិងធ្វើការនៅក្នុង សាធារណរដ្ឋកូរ៉េផងដែរ។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានចំណងទាក់ទងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការងារ និងការអប់រំ ជាដើម៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular