ប៉ាគីស្ថានកាលពីថ្ងៃសុក្រទី៣១មករាបានផ្អាកជាបណ្តោះអាសន្នរាល់ការហោះហើរត្រង់ផ្ទាល់ជាមួយប្រទេសចិនបន្ទាប់ពីគ្រោះអាសន្នផ្នែកសុខភាពពិភពលោកត្រូវបានប្រកាសពាក់ព័ន្ធការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្ស២៥៩នាក់។
អ្នកនាំពាក្យរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថានលោក បានប្រាប់សារព័ត៌មានAFP ថា” យើងបានផ្អាករាល់ជើងហោះហើរត្រង់ទៅនិងមកពីប្រទេសចិនដោយចាប់ផ្តើមរហូតដល់ថ្ងៃទី២ខែកុម្ភៈ”។
អ្នកនាំពាក្យនេះមិនបានបញ្ជាក់អំពីមូលហេតុនៃការផ្អាកការហោះហើរនេះទេ។ការសម្រេចចិត្តមួយអំពីថាតើជើងហោះហើរនឹងត្រូវបានបន្តឡើងវិញឬយ៉ាណានោះ នឹងត្រូវសម្រេចនៅថ្ងៃអាទិត្យ។
លោកអ្នកនាំពាក្យ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍៣ដែលរងប៉ះពាល់ គឺក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន Pakistan International Airlines (PIA) ក្រុមហ៊ុនអាកាសចរណ៍ចិន Air China និងក្រុមហ៊ុនអាកាសចរណ៍ China Southern Airlinesរបស់ចិន។
រហូតមកដលពេលនេះ មិនមានការបញ្ជាក់អំពីករណីឆ្លងវីរុសនេះ នៅប៉ាគីស្ថានទេប៉ុន្តែនិស្សិតប៉ាគីស្ថាន៤នាក់នៅចិន ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះ។
ក្រុមមន្ត្រីបាននិយាយថា ជនជាតិប៉ាគីស្ថានប្រហែល២៨.០០០នាក់ទៅ ៣០.០០០ នាក់កំពុងរស់នៅប្រទេសចិនខណៈនិស្សិតប៉ាគីស្ថានជាង ៥០០នាក់កំពុងនៅទីក្រុងវ៉ូហានដែលជាប្រភពដើមនៃការផ្ទុះវីរុសនេះ។
ក្រសួងការបរទេសប៉ាគីស្ថានបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថាមិនមានផែនការជម្លៀសពលរដ្ឋប៉ាគីស្ថានចេញពីប្រទេសចិនទេ៕ប្រែសម្រួល៖សុខា/sn

រហូតមកដល់ពេលនេះ មិនមានការបញ្ជាក់អំពីការរកឃើញករណីឆ្លងវីរុសនេះ នៅប៉ាគីស្ថានទេ