វេជ្ជបណ្ឌិតចិនពីរនាក់ដែលប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយ សង្គ្រោះអ្នកជំងឺឆ្លង វីរុសកូរ៉ូណា (coronavirus) ត្រូវបានបុរសម្នាក់វាយដំយ៉ាង សាហាវ បន្ទាប់ពីឪពុកក្មេកវ័យ ៦៨ ឆ្នាំរបស់បុរសនោះបាត់បង់ជីវិតដោយសារ វីរុសដ៏កាចសាហាវខាងលើ។ នេះបើយោងតាម គេហទំព័រ MailOnline ចុះផ្សាយកាលពីថ្ងៃទី៣០ ខែមករា។
ពិរុទ្ធជនមិនត្រឹមតែវាយដំវេជ្ជបណ្ឌិតទាំងពីរទេ គឺថែមទាំងចាប់ហែកឈុតសម្លៀកបំពាក់ ការពារឆ្លងវីរុស និងម៉ាស់មុខរបស់ពួកគេទៀតផង។ ជាលទ្ធផល ប៉ូលិសបានចាប់ខ្លួនជន សង្ស័យ ហើយបានបើកការស៊ើបអង្កេតបន្ទាន់។
យោងតាមកាសែតចិន Beijing Youth Daily បានឱ្យដឹងថា ករណីផ្ទុះហិង្សានេះបានកើតឡើង នៅពេលរសៀលថ្ងៃទី២៩ ខែមករា នៅមន្ទីរពេទ្យ Wuhan’s No. 4 Hospital។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា ដ៏កាចសាហាវដែលបានឆ្លងរាលទូទាំងពិភពលោកយ៉ាងឆាប់ រហ័សនេះ ពេលនេះបានឆ្លងរាលដាលទៅគ្រប់តំបន់នៃប្រទេសចិន សូម្បីតែទីបេតិ៍ ដែលជា ខេត្តដាច់ស្រយាល។
មន្ត្រីសុខាភិបាលចិនបានប្រកាសកាលពីថ្ងៃសុក្រ ទី៣១ ខែមករាថា ពេលនេះករណីឆ្លង វីរុសនេះ បានកើតឡើងដល់ ៩.៦៩២ ករណីនៅទូទាំងប្រទេសចិន និងមានអ្នកស្លាប់ចំនួន២១៣ នាក់។ នេះបើយោងតាមប្រភពគេហទំព័រចិន xinhuanet.com ចុះផ្សាយកាលពីថ្ងៃទី៣១ ខែមករា៕ ប្រែសម្រួលៈខុម












