ប៉ូលិសឥណ្ឌូនេស៊ីបានបំផ្លាញផែនការចែកចាយថ្នាំញៀនធំបំផុតនៅក្នុងប្រទេស និងរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនក្រាមជិត៣០០គីឡូក្រាម។
មេប៉ូលិសក្រុងហ្សាការតាលោកណាណា ស៊ូចាណា បាននិយាយថា ការរឹបអូសបានថ្នាំញៀនច្រើនបំផុតនេះកើតឡើងក្រោយពីការបាញ់សម្លាប់ជនសង្ស័យបីនាក់នៅខាងលិចក្រុងហ្សាការតា កាលពីថ្ងៃព្រហស្បតិ៍ទី៣០មករា។
សារព័ត៌មានក្នុងស្រុកបាននិយាយថា ថ្នាំញៀននេះមានទម្ងន់២៨៨គីឡូក្រាម និងវាត្រូវបានរកឃើញក្នុងរថយន្តរបស់ជនសង្ស័យជូញដូរថ្នាំញៀន។
មេប៉ូលិសបានអះអាងថា ជនដែលត្រូវបានបាញ់សម្លាប់ជាអ្នកជួញដូរថ្នាំញៀន ហើយប៉ូលិសនឹងតាមប្រមាញ់រកមេក្លោងថ្នាំញៀន និងបំបែកសំបុកជួញដូរថ្នាំញៀន។
លោកណាណា ស៊ូចាណា បាននិយាយថា ថ្នាំញៀននេះមានតំលៃ៨៦៤ពាន់លានរូពៀ(៦៣លានដុល្លារអាម៉េរិក)។
សូមបញ្ជាក់ថា កាលពីខែធ្នូឆ្នាំមុនប៉ូលិសចាប់បានថ្នាំញៀនមេតំហ្វេតាមីនក្រាមចំនួន២១០គីឡូក្រាមដែលត្រូវបានបញ្ជូនពីកោះស៊ូម៉ាត្រាមកកាន់ទីក្រុងហ្សាការតា៕ប្រែសម្រួល៖វាសនា

មេប៉ូលិសក្រុងហ្សាការតាលោកណាណា ស៊ូចាណា ធ្វើសន្និសីទកាសែតស្តីពីការចាប់បានថ្នាំញៀនដ៏ច្រើន