អតីតតារាសម្តែងលេចធ្លោមួយរូបបានប្រាប់គណៈវិនិច្ឆ័យនៅតុលាការញូវយ៉កកាលពីថ្ងៃសុក្រ ទី៣១ មករា ថា លោក ហាវី វេនស្តិន បានចាប់រំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារ ខណៈពេលដែលនាងកំពុងមាន “ទំនាក់ទំនងថោកទាបបំផុត” ជាមួយអតីតផលិតករភាពយន្តរូបនេះ។

នាង ជេសស៊ីកា ម៉ាន់ (Jessica Mann) បាននិយាយថា នាងមិនបានប្រាប់នរណាទាំងអស់អំពីអ្វីដែលបានកើតឡើង។

នាងនិយាយទាំងយំនៅកន្លែងឈរសម្រាប់សាក្សី ថា “ខ្ញុំពិតជាខ្មាស់គេខ្លាំងណាស់”។

នាងម៉ាន់បានប្រៀបធៀបលោកវេនស្តិនទៅនឹងខ្សែភាពយន្តរឿង “Jekyll and Hyde” ដោយនិយាយថា គាត់អាចមានមន្តស្នេហ៍នៅក្នុងទីសាធារណៈ ប៉ុន្តែជារឿយៗបង្ហាញកំហឹងគួរខ្លាច នៅពេលពួកគេនៅតែពីរនាក់។

នាងបាននិយាយថា “ប្រសិនបើគាត់ស្តាប់ឮពាក្យបដិសេធ វាដូចជាកៃកាំភ្លើងយ៉ាងអ៊ីចឹងសម្រាប់គាត់”។

លោកវេនស្តិនអាយុ ៦៧ ឆ្នាំមិនសារភាពថាខ្លួនគាត់មានទោសកំហុសក្នុងការចាប់រំលោភនាងម៉ាន់នីនិងរំលោភនារីម្នាក់ទៀតឈ្មោះ មីមី ហាលីយី នោះឡើយ។

ចាប់តាំងពីឆ្នាំ ២០១៧ មានស្ត្រីជាង ៨០ នាក់បានចោទប្រកាន់លោកវេនស្តិនពីបទប្រព្រឹត្តមិនត្រឹមត្រូវខាងផ្លូវភេទ។

លោកវេនស្តិនបដិសេធចោលទាំងអស់រាល់ការរួមភេទ ដែលគ្មានការយល់ព្រម៕ ដោយ៖ កញ្ញាដាលីស