សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រទី៣១មករាបានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈនិងចាត់វិធានការរឹតបន្តឹងការចូលមកក្នុងប្រទេសនេះដោយសារតែវីរុសថ្មីដែលបានផ្ទុះឡើង នៅចិននិងបានរាលដាលដល់ប្រទេសដទៃទៀតជាច្រើន។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយដែលនឹងហាមឃាត់ជាបណ្តោះអាសន្ន ចំពោះជនបរទេសណាដែលបានធ្វើដំណើរនៅប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ។
ការរឹតបន្តឹងថ្មី ដែលចាប់អនុវត្តចាប់ពីម៉ោង៥ ល្ងាចថ្ងៃអាទិត្យទី០២កុម្ភៈនេះត្រូវបានប្រកាសដោយ លោក អាឡិក អាហ្សារដ្ឋមន្ត្រីសុខាភិបាលអាម៉េរិក ។
លោក បាននិយាយថា វាទំនងថាយើងនឹងបន្តតាមដានមើលករណីឆ្លងវីរុសជាច្រើនទៀតនៅសហរដ្ឋអាម៉េរិកក្នុងប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍ខាងមុខនេះដោយរួមទាំងការតាមដានមើលករណីឆ្លងពីមនុស្សទៅមនុស្ស ។
ជនជាតិអាម៉េរិកដែលវិលត្រឡប់មកពីប្រទេសចិននឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសនេះប៉ុន្តែពួកគេនឹងត្រូវបានពិនិត្យមើលសុខភាពនិងការតាមដានសុខភាពរបស់ពួកគេចំនួន១៤ថ្ងៃដើម្បីធានាថាពួកគេមិនបង្កគ្រោះថ្នាក់ដល់សុខភាព។ អ្នកទាំងឡាយណាដែលមកពីខេត្តហ៊ូប៉ីប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងនៃវីរុសនេះ នឹងត្រូវាបានដាក់នៅក្រោមការតាមដានដោយឡែកពីគេរយៈពេល១៤ថ្ងៃ។
វីរុសនេះបានឆ្លងដល់មនុស្សជិត១០.០០០ នាក់នៅទូទាំងពិភពលោកក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ និងបានសម្លាប់មនុស្ស២៥៩នាក់ នៅប្រទេសចិន៕ប្រែសម្រួល៖សុខា/sn
អ្នកដំណើរពាក់ម៉ាស ស្ថិតនៅស្ថានីយរថភ្លើងក្រុងប៉េកាំង កាលពីថ្ងៃសុក្រ