អេសស៊ីជីប្រកាស​លទ្ធផល​ប្រតិបត្តិ ការ​ឆ្នាំ​២០១៩ និងដាក់ចេញ​នូវ​យុទ្ធ សាស្ត្រ​ដើម្បី​ជំនះ​ភាពប្រឈម​

296
ចែករម្លែក

ដោយៈមុនី​រ័ត្ន/ភ្នំពេញ ៖​ ក្រុមហ៊ុន អេសស៊ីជី (SCG) បានប្រកាស​លទ្ធផល​ប្រតិបត្តិការ​ប្រចាំឆ្នាំ​២០១៩ និង​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រធុរកិច្ច​ដើម្បី​ជំនះ​ការរំខាននានា​​ដែល​​បង្ក​ឡើង​ដោយ​កត្តា​ខាងក្រៅ​នៅឆ្នាំ​២០២០ ជាមួយនឹងការពន្លឿន​ការអភិវឌ្ឍ​និងពង្រឹង​កត្តា​ខាងក្នុង។ ក្រុមហ៊ុន​គ្រោង​នឹង​កែប្រែ​ធុរកិច្ចស្នូល​ចំនួន ៣ និង​ពង្រឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ដើម្បី​ផ្លាស់ប្ដូរ​ប្រកប​ដោយ​ប្រសិទ្ធភាព ពី​ភាពជាអ្នក​ផលិត ក្លាយទៅជា​អ្នក​ផ្ដល់​ដំណោះស្រាយ​និងសេវាកម្ម​ដើម្បី​ទាក់ទាញការគាំទ្រពី​អតិថិជន​នៅទូទាំងតំបន់​អាស៊ាន និង​រក្សា​កំណើន​ធុរកិច្ច​ប្រកប​ដោយ​ចីរភាព។

លោក Roongrote Rangsiyopash, ប្រធាន និង​ជា​អគ្គនាយកប្រតិបត្តិ របស់ SCG បានប្រកាស​ឲ្យ​ដឹង​អំពី​លទ្ធផល​ប្រតិបត្តិការ​មិនទាន់ធ្វើសវនកម្ម​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០១៩ របស់ក្រុមហ៊ុន ដោយ​បង្ហាញ​​ពី​ការថយចុះ​ចំណូលពីការលក់ ៨% ធៀបនឹង​ឆ្នាំ​២០១៨ ពោលគឺចំណូល​ធ្លាក់ចុះ​នៅត្រឹម ៥៦.៨៨០ប៊ីលានរៀល (១៤.១០៦​លានដុល្លារអាមេរិក) ដែលការថយចុះនេះ​គឺបណ្ដាល​មកពីការធ្លាក់ចុះ​នៃតម្លៃផលិតផល​គីមី។ ប្រសិនបើ​មិនទាន់​គិត​ការទូទាត់ចំណាយលើ​ប្រាក់បំណាច់ផ្សេងៗ, SCG រកបាន​ប្រាក់ចំណេញ ៤.៤២២​ប៊ីលានរៀល (១.០៩៧លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ​២០១៩ ដោយ​ប្រាក់ចំណេញ​នេះ​ធ្លាក់​ចុះ ២៤% បើធៀប​នឹង​ប្រាក់ចំណេញ​សម្រាប់​ឆ្នាំ​២០១៨ ។ បើ​ផាត់ទាត់​ការចំណាយ​លើ​ប្រាក់បំណាច់​ផ្សេងៗ ដែល​មាន​ចំនួន ២៦២ប៊ីលានរៀល (៦៤លានដុល្លារអាមេរិក) ប្រាក់ចំណេញ​របស់ SCG សម្រាប់ឆ្នាំ​២០១៩ នៅសល់​ត្រឹម ៤.១៥៨​ប៊ីលានរៀល (១.០៣១​លាន​ដុល្លារអាមេរិក) គឺ​ធ្លាក់​ចុះ ២៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ហើយ​ការ​ធ្លាក់​ចុះ​នេះ​ គឺ​បណ្ដាល​មកពី​ចំណូល​ពីការលក់ផលិតផលគីមី​ធ្លាក់ចុះ​ដែរ ។

នៅក្នុង​ឆ្នាំ​២០១៩ ចំណូល​របស់​ SCG ពីការលក់​ផលិតផល​និង​សេវាកម្ម​ដែលមាន​តម្លៃ​បន្ថែម​ខ្ពស់ សម្រេចបាន ២៣.២៧០ប៊ីលានរៀល (៥.៧៧១​លាន​ដុល្លារ​អាមេរិក) ដោយ​ថមថយចុះ ៣% បើធៀបនឹង​ឆ្នាំ​២០១៨ និង​មានចំនួន​ស្មើ​នឹង ៤១% នៃ​ចំណូល​សរុប​ពីការលក់ ។ ការចំណាយ​ទៅ​លើ​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នវានុវត្តន៍ មានចំនួនសរុប ៧៣៥ប៊ីលានរៀល (១៨២លានដុល្លារអាមេរិក) ឬស្មើ​នឹង ១% នៃ​ចំណូល​សរុបពីការលក់ ។

ចំណូលពីការលក់​របស់ SCG សម្រាប់​ត្រីមាសទី៤ នៃ​ឆ្នាំ​២០១៩ បានធ្លាក់ចុះ ៤% បើធៀបនឹង​ត្រីមាស​ទី៣ គឺសម្រេចបាន​ចំនួន ១៤.៣៤៨​ប៊ីលានរៀល (៣.៥០៧​លានដុល្លារអាមេរិក) ដែលការធ្លាក់ចុះនេះ គឺ​បណ្ដាល​មកពី​តម្លៃផលិតផលគីមី​និង​ក្រដាស​វេចខ្ចប់​ធ្លាក់ចុះ, ហើយ​បើធៀប​នឹង​ត្រីមាសទី៤​នៃ​ឆ្នាំ​២០១៨វិញ ចំណូលពីការលក់​នៃត្រីមាសទី៤ឆ្នាំ​២០១៩ ធ្លាក់​ចុះដល់ទៅ ៩% ដោយសារ​តម្លៃ​ផលិតផល​គីមី​ធ្លាក់ចុះ ។ ប្រាក់ចំណេញ​សម្រាប់ត្រីមាសទី៤ ឆ្នាំ​២០១៩ បាន​កើន​ឡើង ១៥% បើធៀប​នឹងត្រីមាសទី៣ នៃ​ឆ្នាំ​ដដែល ដោយសម្រេចបានចំនួន ៩៦០ប៊ីលានរៀល (២២៩​លានដុល្លារអាមេរិក) ដែល​កើនឡើង​នេះ គឺ​ដោយសារ​វិភាគទានភាគលាភ​តាមរដូវកាលពី​ធុរកិច្ច​វិនិយោគ ប៉ុន្តែ បើធៀប​ទៅ​នឹង​ត្រីមាសទី៤ដូចគ្នា​នៃ​ឆ្នាំ​២០១៨ ប្រាក់ចំណេញនៃត្រីមាសទី៤ ឆ្នាំ​២០១៩ បានធ្លាក់ចុះ ៣២% ដោយសារតែ​​ការធ្លាក់ចុះ​នៃ​អាជីវកម្ម​គីមី ជុំវិញ​ការព្រួយ​បារម្ភអំពីសង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​លឿននៃទីផ្សារ ដែលបណ្ដាល​ឲ្យ​ប្រាក់ចំណេញ​ថយ​ចុះ។ នៅក្នុងត្រីមាសទី៤ ឆ្នាំ​២០១៩នេះដែរ មាន​ការខាតបង់​សារពើភណ្ឌ ចំនួន ១៤៣​ប៊ីលានរៀល (៣៥លានដុល្លារ​អាមេរិក) ។

ក្រៅពីនេះ ចំណូលរបស់ SCG ពី​ធុរកិច្ច​នៅខាងក្រៅ​ប្រទេសថៃ ក្នុងនោះរាប់បញ្ចូលទាំង​ការ​លក់នាំចេញពី​ប្រទេសថៃ នៅក្នុង​ឆ្នាំ​២០១៩ សម្រេចបាន ២៣.៣៧៧ប៊ីលានរៀល (៥.៧៩៧លាន​ដុល្លារអាមេរិក) ឬ​ស្មើ​នឹង ៤១% នៃ​ចំណូលសរុប​ពីការលក់ ដែលចំនួននេះ​បង្ហាញពីការធ្លាក់ចុះ ១២% បើធៀបជាមួយ​នឹង​ឆ្នាំ​២០១៨, ហើយ​ក្នុង​ចំនួនទឹកប្រាក់នេះ ចំណូល​ពីការលក់​នាំចេញពីប្រទេស​ថៃ សម្រេចបាន ១៣.២៦៦​ប៊ីលាន​រៀល (៣.២៩០​លានដុល្លារអាមេរិក) ឬ​ស្មើ​នឹង​ ២៣% នៃ​ចំណូលសរុបពីការលក់ ធ្លាក់​ចុះ​ ២២% បើធៀប​នឹង​ឆ្នាំ​២០១៨ ៕B/