ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ ការបើកបរនឹងមានភាពរីករាយជាងប្រសិនបើពុំមានឡានច្រើននៅតាមដងផ្លូវ។ តំបន់ទីក្រុងមិនល្អសម្រាប់ចរាចរណ៍ទេប៉ុន្តែអ្នកធ្លាប់ឆ្ងល់ទេថាតើកន្លែងណាយ៉ាប់ជាងគេ?
សន្ទស្សន៍ចរាចរណ៍របស់វេបសាយ TomTom ឆ្នាំ ២០១៩ ដែលចាត់ថ្នាក់ទីក្រុងដែលស្ទះជាងគេបំផុតនៅលើពិភពលោក គឺមានរាល់ចម្លើយទាំងអស់នោះ។ អាស៊ីមានពិន្ទុខ្ពស់ជាងគេខាងចរាចរណ៍យ៉ាប់។
នៅកំពូលតារាង ទីក្រុងបាងហ្គាឡ័ររបស់ឥណ្ឌាមានស្ថានភាពគួរឱ្យតឹងចិត្តបំផុតសម្រាប់អ្នកបើកបរយានយន្ត ដែលត្រូវចំណាយពេលច្រើនជាង ៧១ ភាគរយក្នុងរថយន្តរបស់ពួកគេក្នុងមួយថ្ងៃៗ។ ទីក្រុងម៉ានីលនៅប្រទេសហ្វីលីពីនគឺយ៉ាប់បំផុតដូចនៅបាងហ្គាឡ័រដែរ។
រដ្ឋធានីកូឡុំប៊ី ឈ្មោះ បូហ្គោតា ដែលជាប់លេខ១ក្នុងតារាងកាលពីឆ្នាំ ២០១៨ បានជាប់លេខ ៣ ក្នុងតារាងចំណាត់ថ្នាក់ឆ្នាំ២០១៩។ នៅក្នុងបញ្ជី ប្រទេសឥណ្ឌាមានទីក្រុងចំនួន ៤ ស្ថិតក្នុងចំណោមទីក្រុងដែលមានការកកស្ទះខ្លាំងជាងគេបំផុតនៅលើពិភពលោក។ វេបសាយ TomTom ក៏បានរាយការណ៍ផងដែរថា កម្រិតកកស្ទះជាមធ្យមនៅជុំវិញពិភពលោកក្នុងឆ្នាំ ២០១៩ គឺ ២៩ ភាគរយ។
ទីក្រុងដែលមានចរាចរណ៍កកស្ទះបំផុតទាំង ១០ នៅលើពិភពលោក ៖
១. បាងហ្គាឡ័រ (ឥណ្ឌា) ៧១ ភាគរយ
២. ម៉ានីល (ហ្វីលីពីន) ៧១ ភាគរយ
៣. បូហ្គោតា (កូឡុំប៊ី) ៦៨ ភាគរយ
៤. មុំបៃ (ឥណ្ឌា) ៦៥ ភាគរយ
៥. ពូណេ (ឥណ្ឌា) ៥៩ ភាគរយ
៦. មូស្គូ (រុស្ស៊ី) ៥៩ ភាគរយ
៧. លីម៉ា (ប៉េរូ) ៥៧ ភាគរយ
៨. ញូវដេលី (ឥណ្ឌា) ៥៦ ភាគរយ
៩. អ៊ីស្តង់ប៊ុល (តួកគី) ៥៥ ភាគរយ
១០. ហ្សាការតា (ឥណ្ឌូណេស៊ី) ៥៣ ភាគរយ៕ ដោយ៖ កញ្ញាដាលីស
