ចំនួនមនុស្សស្លាប់ពីកូរ៉ូណាវីរុសនៅចិនកាលពីថ្ងៃសៅរ៍ទី០១កុម្ភៈបានកើនឡើងដល់២៥៩នាក់ ហើយមន្ត្រីអង្គការសុខភាពពិភពលោក(WHO)បាននិយាយថា រដ្ឋាភិបាលនានាចាំចាប់ត្រូវត្រៀមគ្រប់គ្រងការផ្ទុះវីរុសបើសិនជាវាបានឆ្លងទៅដល់ប្រទេសរបស់គេ ។
កាលពីថ្ងៃសៅរ៍នេះដែរ រដ្ឋាភិបាលក្រុងប៉េកាំងបានរិះគន់បទបញ្ជារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីហាមជនបរទេសដែលបាននៅចិនក្នុងរយៈពេល២សប្តាហ៍មកនេះចូលទឹកដីអាម៉េរិក។
អូស្ត្រាលី សិង្ហបុរី និងជប៉ុនក៏បានចាត់វិធានការស្រដៀងគ្នាដោយសិង្ហបុរីបានប្រកាសកាលពីថ្ងៃសុក្រនិង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្កត់ ម័ររីសុនបានប្រកាសកាលពីថ្ងៃសៅរ៍។
ក្នុងពេលជាមួយគ្នា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឥណ្ឌាបានដឹកពលរដ្ឋរបស់គេរាប់រយនាក់ចេញពីទីក្រុងវូហាន ទីក្រុងដែលជាស្នូលនៃការផ្ទុះកូរ៉ូណាវីរុស។អ្នកត្រូវជម្លៀសត្រូវបាននាំទៅដាក់ដាច់ពីគេកន្លះខែ។រុស្ស៊ីក៏បាននិយាយថា ខ្លួននឹងជម្លៀសពលរដ្ឋរបស់ខ្លួនជាង២.៥០០នាក់ចេញពីកោះហៃណាន់នៅមួយថ្ងៃក្រោយខ្លួនបានប្រកាសបិទព្រំដែនជាមួយចិន។
ចំនួនមនុស្សដែលត្រូវបានបញ្ជាក់ថាឆ្លងវីរុសជម្ងឺផ្លូវដង្ហើមនេះនៅចិនកើនដល់១១.៧៩១នាក់ ដោយកើនលើសចំនួនមនុស្សឆ្លងវីរុសជម្ងឺ SARSកាលពី១៧ឆ្នាំមុន។
វីរុសnCoV ដែលត្រូវគេជឿថាមានប្រភពចេញពីផ្សារលក់សាច់មួយក្នុងទីក្រុងវូហានកាលពីចុងឆ្នាំមុនបានរាលដាលទៅគ្រប់តំបន់នៃប្រទេសចិននិងបង្ហាញខ្លួននៅយ៉ាងតិច២០ប្រទេសដោយសារអ្នកដំណើរទៅពីចិន។
មន្ត្រីបក្សជាន់ខ្ពស់ម្នាក់នៅក្រុងវូហាន កាលពីថ្ងៃសុក្របានសម្តែងការសោកស្តាយដោយសារអាជ្ញាធរមូលដ្ឋានចាត់ការយឺតពេកក្នុងការទប់ស្កាត់វីរុសនេះកុំអោយវាឆ្លងរាលដាល៕ប្រែសម្រួល៖វាសនា
គ្រូពេទ្យរុញអ្នកជម្ងឺកូរ៉ូណាវីរុសចូលក្នុងបន្ទប់នៅដាច់ពីគេក្នុងមន្ទីរពេទ្យមួយក្នុងខេត្តអានហ៊ូយកាលពីថ្ងៃ០១កុម្ភៈ
ប្រជាជនតម្រង់ជួររង់ចាំចូលពិនិត្យជម្ងឺនៅគ្លីនិចមួយនៅខេត្តហ៊ូប៉ី (ស្តាំ)និងរង់ចាំទិញម៉ាស់មុខនៅហុងកុងដោយសារតែរអើលនឹងកូរ៉ូណាវីរុស