ពលរដ្ឋឃុំអូរម្លូស្រុកស្ទឹងត្រង់សូមឲ្យរដ្ឋាភិបាលផ្តល់ជំនួយមណ្ឌលសុខភាពមួយកន្លែងបន្ថែមទៀត

ដោយ:គង់ហេង/កំពង់ចាម ៖​ ប្រជាពលរដ្ឋច្រើនភូមិរស់នៅក្នុងឃុំអូរម្លូ ស្រុកស្ទឹងត្រង់ និងនៅជាប់ព្រំប្រទល់ជាច្រើនភូមិផ្សេងទៀតក្នុងទឹកដីខេត្តកំពង់ធំ បានសំណូមពរសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមេត្តាផ្តល់ជំនួយកន្លែងព្យាបាលជំងឺជាមណ្ឌលសុខភាពមួយ កន្លែងបន្ថែមទៀត។ ដោយបច្ចុប្បន្នមួយកន្លែង មានទីតាំងនៅភូមិខ្ទួយ ឃុំអូរម្លូ ដដែលនេះ គឺផ្តល់សេវាជូនប្រជាពលរដ្ឋជាអ្នកជំងឺមិនគ្រប់គ្រាន់ និងម៉្យាងប្រឈមជាមួយផ្លូវគមនាគមន៍លំបាកហើយឆ្ងាយល្មមមកព្យាបាលនៅមន្ទីរពេទ្យឯកជនភូមិបែកអន្លូងនោះ។

ស្រ្តីឈ្មោះ អ៊ា សុខលី បានផ្តល់បទសម្ភាសប្រាប់កាសែតរស្មីកម្ពុជាកាលពីដើមសប្តាហ៍នេះថា ទាំងបីកូននេះ ទើបបាននាំកូនស្រីអង្គុយកណ្តាល និងបន្តោងស៊ីរ៉ូផងនេះទៅព្យាបាលជំងឺរលាកបំពង់ក និងគ្រុនពោះវៀន នៅកន្លែងព្យាបាលគ្រូពេទ្យឯកជន ក្បែរផ្សារបែកអន្លូង ឃុអារក្សត្នោត គឺឃ្លាតឆ្ងាយពីភូមិប្រទង ឃុំអូរម្លូ ដែលគ្រួសារអ្នកស្រីរស់នៅប្រមាណ ប្រាំ គីឡូម៉ែត្រ។

ស្រ្តីវ័យ ៣៨ ឆ្នាំម្នាក់នេះបានបន្តថា ប៉ុន្តែបើទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋនៅទីប្រជុំជនស្រុកស្ទឹងត្រង់ គឺត្រូវចំណាយពេលធ្វើដំណើរលើផ្លូវក្រាលកៅស៊ូពីផ្សារបែកអន្លូងប្រហែល ១៧ គីឡូម៉ែត្របន្ថែមទៀត។ ដូច្នេះក្រុមគ្រួសារអ្នកស្រី ក៏ដូចក្រុមគ្រួសារអ្នកភូមិប្រទង ដែលមានបញ្ហាសុខភាពតែងបានទៅព្យាបាលនៅត្រឹមពេទ្យឯកជនភូមិបែកអន្លូងនេះ ភាគច្រើន។

លោក យ៉ន យ៉ុង អាយុ ៤៦ ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំអូរម្លូ បាននិយាយថា កាលពីរដូវផ្ទុះជំងឺគ្រុនឈាម ឆ្នាំ២០១៩ កន្លងទៅ លោកបានជួបហេតុការណ៍រន្ធត់ និងអណោចអធ័មក្មេងវ័យជំទង់ស្រី ប្រុសអាយុចន្លោះជាង ១០ ឆ្នាំបានផុតដង្ហើមស្លាប់នៅលើម៉ូតូ និងរថយន្ត។ ដោយសារអាការ:ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ក្រុមគ្រួសារអ្នកជំងឺបញ្ជួនទៅមិនទាន់ដល់មន្ទីរពេទ្យឳ្យសង្រ្គោះ។

ប្រភពព័ត៌មានដដែលបានឳ្យដឹងទៀតថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះមួយចំនួនជនជាតិខ្មែរឥស្លាម ដែលរស់នៅភូមិជាច្រើនជាប់ព្រំដែនខេត្តកំពង់ចាម និងខេត្តកំពង់ធំដូចជាភូមិ អូរធំ ត្រពាំងកកោះ១ ត្រពាំងកកោះ២ ក្រពើ អូរចង្កៀង អូរគគីរលើ អូរគគីរក្រោម…។ ដោយពួកគាត់មិនអាចបញ្ជួនអ្នកជំងឺទៅកាន់ខេត្តកំពង់ធំដែលមានចម្ងាយផ្លូវប្រមាណជាង១០០ គីឡូម៉ែត្រ ហើយត្រូវឆ្លងទឹកចំណាយលុយជិះទូកដទៀត។

ប្រភពនោះបានបន្តថា បញ្ហាខាងលើភាគច្រើនបណ្តាលមកពីផ្លូវធ្វើដំណើរលំបាក ខ្វះមន្ទីរពេទ្យសម្រាប់សង្រ្គោះបន្ទាន់ និងខ្វះខាតថវិកា។ ជាក់ស្តែងក្មេងប្រុសវ័យជំទង់ម្នាក់ នៅក្បែរចម្ការរបស់លោកដែលបានកើតជំងឺគ្រុនចាញ់កាលពីរដូវវស្សាឆ្នាំ២០១៩ ។ ដោយក្មេងម្នាក់នោះជាកូនកំព្រាខ្វះខាតថវិកា គឺកាលនោះល្មមលោកដឹងបានជួយលុយ ២០ម៉ឺន រៀលបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ គឺគេបានស្លាប់នៅតាមផ្លូវមិនទាន់ដល់មន្ទីរពេទ្យ។

លោក យ៉ុង បានបន្ថែមថា ក្នុងនាមជាប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលរវាងខេត្តកំពង់ចាម និងខេត្តកំពង់ធំម្នាក់ សំណូមពរឳ្យសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមេត្តាជួយផ្តល់ជំនួយឧបត្ថម្ភនូវមណ្ឌលសុខភាព នៅភូមិខាងលើ និងប្រព័ន្ធផ្លូវធ្វើដំណើរ ដើម្បីសង្រ្គោះអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។

លោក តុប ចាន់ មេឃុំអូរម្លូ បានឳ្យដឹងដែរថា លោកសូមចូលរួមគាំទ្រខ្លាំងមែនទែននូវគំនិតសំណើសុំមណ្ឌលសុខភាពមួយបន្ថែមទៀត នៅតំបន់ភូមិដាច់ស្រយាល គឺមានភូមិសំរោង ភូមិប្រទង និងភូមិអូរកាប់មាន់ ក្នុងចំណោមភូមិសរុបចំនួន ១៣។ ដោយមណ្ឌលសុខភាពអូរម្លូ នៅក្នុងភូមិខ្ទួយ គឺមានចម្ងាយឆ្ងាយ និងផ្លូវលំបាកទៀត។ ពិសេសលោកក៏ធ្លាប់ទទួលព័ត៌មានមានអ្នកជំងឹគ្រុនឈាមស្លាប់នៅតាមផ្លូវពេលបញ្ជួនមកព្យាបាលសង្គ្រោះ នៅមន្ទីរពេទ្យឯកជននៅបែកអន្លូងនោះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...