រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អំពាវនាវ​ឲ្យ​ប្រធាន​សាលាដំបូង​គោរព​វិជ្ជាជីវៈ​បាន​ខ្ជាប់ខ្ជួន​

1177
ចែករម្លែក

(​ភ្នំពេញ​) ៖ ដោយ​មើលឃើញ​ពី​ការបំពេញ ការងារ​របស់​ប្រធាន​សាលាដំបូង​នៅ​ទូទាំងប្រទេស​នៅមាន​ចន្លោះប្រហោង​មួយចំនួន​នៅឡើយ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក អង្គ វង្ស​វ​ឌ្ឍ​នា​បាន​អំពាវនាវ​ឲ្យ​ប្រធាន​សាលាដំបូង​ទូ​ទាំង​រាជធានី​-​ខេត្ត​មានការ​យកចិត្តទុកដាក់​បន្ថែម ហើយ​ត្រូវ​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​គោរព​ក្រមសីលធម៌​របស់​តុលាការ ដើម្បី​បង្កើន​ការជឿជាក់​ជូន​ប្រជាពលរដ្ឋ​។​
​ ​
​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានលើកឡើង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីអំពី “​តួនាទី​-​ភារកិច្ច​របស់​ប្រធាន​សាលាដំបូង​និង​បញ្ហា​​ប្រឈម​” នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ នា​សណ្ឋាគារ​សាន់វ៉េ ដែល​បាន​រៀបចំឡើង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ ​សិក្ខាសាលា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​សហការ​ពី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា (OHCHR) ផងដែរ​។​
​ ​
​លោក អង្គ វង្ស វ​ឌ្ឍ​នា បាន​គូសបញ្ជាក់ថា ភារកិច្ច​របស់​ប្រធាន​សាលាដំបូង​មិនមាន​បទដ្ឋាន​ណា ដែល​បាន​ចងក្រង​ឲ្យ​បានច្បាស់លាស់ ទុកជា​គំរូ​នោះឡើយ ប៉ុន្តែ​តួនាទី​ភារកិច្ច​របស់​ប្រធាន​សាលាដំបូង គឺជា​យន្តការ​សំខាន់បំផុត ជា​កត្តា​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍន៍​សាលា​ដំ​​បូ​ង ឲ្យ​មានការ​រីកចម្រើន​ទាំង​ខាង​ធនធានមនុស្ស សម្ភារៈ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ទាមទារ​ឲ្យ​ប្រធាន​សាលាដំបូង​ម្នាក់ៗ​ត្រូវ​ខិត​​ខំ​បំពេញ​តួនាទី ភារកិច្ច​ឲ្យ​បាន​សកម្ម និង​ឲ្យ​បាន​ពេញលេញ​ទៅតាម​បទដ្ឋាន​មួយ​ច្បាស់លាស់​ទើប​អាច​ធានាបាន​នូវ​ការអភិវឌ្ឍន៍​​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​។​
​ ​
​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា តួនាទី​ភារកិច្ច​របស់​ប្រធាន​សាលាដំបូង គឺជា​កត្តា​គន្លឹះ​ជា​មូលដ្ឋាន​ក្នុង​ការដឹកនាំ​គ្រប់គ្រង​សាលាដំបូង ឲ្យ​ទៅជា​សលា​ជម្រះក្តី​ដែល​ធ្វើ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​លើ​តុលាការ មានការ​គោរព​ពី​សាធារណ​ជន​ចំពោះ​តុលាការ​និង​មាន​​ការការពារ​កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​ចៅក្រម​ទោះ​ស្ថិត​ជា​លក្ខណៈ​បុគ្គល​ក្តី ឬ ក៏​ស្ថាប័ន​ក្តី​។​
​ ​
​លោក អង្គ វង្ស វ​ឌ្ឍ​នា ក៏បាន​ទទួលស្គាល​ដែរ​ថា ការអនុវត្ត​របស់​តុលាការ​នាពេល​កន្លងមក មិនទាន់បាន​គ្រប់​ជ្រុងជ្រោយ​ហើយក៏​មាន ការរិះគន់ ពី​មជ្ឈដ្ឋាន​មួយចំនួន​ផងដែរ ដូច្នេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​បន្ថែមទៀត​នោះ​ត្រូវតែ​ខិតខំ​​ធ្វើយ៉ាងណា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​តាម​ក្រមសីលធម៌​របស់​តុលាការ​៕ ដោយ ៖វិបុល

លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានលើកឡើង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីអំពី “​តួនាទី​-​ភារកិច្ច​របស់​ប្រធាន​សាលាដំបូង​និង​បញ្ហា​​ប្រឈម​” នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ នា​សណ្ឋាគារ​សាន់វ៉េ

ទីតាំងផ្សាយពាណិជ្ជកម្ម