ដោយៈស៊ា ថាំង/ភ្នំពេញៈនៅចុងសប្តាហ៍ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ ដូចរាល់ឆ្នាំកន្លងមក ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅបានស្វែងយល់លំអិតអំពីស្ថានភាព និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០។
ថ្លែងក្នុងវេទិកានេះលោកវង្សី វិស្សុតរដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថាកំណើនសេដ្ឋកិច្ចពិភពលោកកំពុងមាននិន្នាការធ្លាក់ចុះដោយរួមទាំងតំបន់អាស៊ានផងដែរ។កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០អាចនឹងសម្រេចបានក្នុងរង្វង់៣,៣ភាគរយ។សម្រាប់កម្ពុជាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះនឹងនៅតែអាចសម្រេចបានក្នុងរង្វង់ ៦ភាគរយទោះបីត្រូវប្រឈមការលំបាក និងហានិភ័យ ទាំងខាងក្នុង និងទាំងខាងក្រៅច្រើនជាងមុនក្តី ពិសេសករណីការរាលដាលនៃវីរ៉ុសកូរ៉ូណានៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។ក្នុងច្បាប់ថវិកាឆ្នាំ២០២០ យើងបានកំណត់កំណើនសេដ្ឋកិច្ចប្រមាណ ៦,៥ភាគរយនៃផសសការគិតនេះគឺបានរាប់បញ្ចូលករណីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម(EBA)ពីសហភាពអ៊ីរ៉ុបរួហើយ។ឆ្នាំ២០១៩ការប្រមូលចំណូលក្នុងប្រទេសស ម្រេចបានរហូតដល់ប្រមាណ២៥ភាគរយ នៃ ផសស ដែលជាប្រការមួយមិនធ្លាប់មានពីមុនមក។
លោករដ្ឋលេខាធិការប្រចាំការវង្សីវិស្សុតមានប្រសាសន៍ថាជារួមកំណើនសេដ្ឋកិច្ចពិភពលោកកំពុងមាននិន្នាការធ្លាក់ចុះ ដោយរួមទាំងតំបន់អាស៊ានផងដែរ។ សេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ មានកំណើនប្រមាណ ២,៩ភាគរយ ប៉ុណ្ណោះ ធៀបនឹងការព្យាករណ៍ប្រមាណ ៣,៤ភាគរយ ដោយសារសង្គ្រាមពាណិជ្ជកម្ម និងកក្តាភូមិសាស្ត្រនយោបាយដែលកាន់តែតឹងតែង និងចេះតែប្រែប្រួលមិនទៀងទាត់ ដែលប៉ះពាល់ដល់ទំនុកចិត្តវិនិយោគ និងធុរកិច្ច ដូចជានៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងបញ្ហាការប្រែប្រួលអាកាសធាតុដែលកាន់តែខ្លាំងក្លា ដូចជាភ្លើងឆេះព្រៃនៅអូស្ត្រាលីជាដើម។
លោកបានបញ្ជាក់ដែរថា កំណើននេះអាចនឹងត្រូវថមថយជាងនេះទៅទៀត ប្រសិនបើប្រទេសជាច្រើនពុំបានធ្វើអន្តរាគមន៍ខាងផ្នែកគោលនយោបាយរូបិយវត្ថុនោះទេ។ ជាក់ស្តែង មានប្រទេសធំៗចំនួន ៤៩ ប្រទេស បានដាក់ចេញនូវគោលនយោបាយរូបិយវត្ថុ តាមរយៈការកាត់បន្ថយ អត្រាការប្រាក់មិនតិចជាង ៧១ លើក ដើម្បីទប់កំណើននេះមិនឱ្យធ្លាក់ចុះខ្លាំង។ តាមការព្យាករណ៍នៅចុងឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០អាចនឹងសម្រេចបានក្នុងរង្វង់ ៣,៣ភាគរយពោលគឺមានការងើបឡើងបន្តិចវិញធៀបនឹងការព្យាករណ៍នៅចុងឆ្នាំដោយសារសញ្ញាជាវិជ្ជមាននៃការដោះស្រាយទំនាស់ពាណិជ្ជកម្ម រវាងចិននិងអាមេរិក ទោះបីដំណោះស្រាយនេះមានលក្ខណៈបណ្តោះអាសន្នក្តី។
លោក វង្សី វិស្សុត មានប្រសាសន៍ថា ក្នុងបរិការណ៍នៃការថមថយកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់ខាងលើនេះ, កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែមានភាពរឹងមាំ ក្នុងរង្វង់ ៧ភាគរយទោះបីត្រូវប្រឈមនឹងហានិភ័យពីខាងក្រៅហើយសកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរខែចុងឆ្នាំមានការថមថយខ្លះ ពិសេសវិស័យទេសចរណ៍ និងសំណង់ក្តី។ កម្ពុជាជាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងអាស៊ាន។ អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប ហើយអត្រាប្តូរប្រាក់នៅតែបន្តមានស្ថិរភាពល្អ ក្នុងខណៈដែលអត្រាអ្នកអត់ការងារធ្វើ តាមការអង្កេតរបស់ធនគារពិភពលោក មានប្រមាណតែ ០,៣ភាគរយ ប៉ុណ្ណោះ។ ការនាំចេញមានសន្ទុះកំណើនល្អ ដោយមានការកើនឡើងប្រមាណ ១៥ភាគរយ ហើយលំហូរទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនរហូតទៅដល់ ១៣ភាគរយនៃផសសដែលធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់តែមានលក្ខណៈល្អប្រសើរជាទូទៅ។ទុនបម្រុងអន្តរជាតិបានកើនឡើងរហូតដល់ប្រមាណជាង ១៧,៤ ពាន់លានដុល្លារអាម៉េរិក ដែលអាចធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ ៨ខែ។ ទន្ទឹមនឹងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ហើយម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពខាងលើនេះ កម្ពុជាក៏សម្រេចបាននូវលទ្ធផលល្អប្រសើរនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនដ៏រឹងមាំ និងកាន់តែមានចីរភាព នៅក្នុងការប្រមូលចំណូលគ្រប់ប្រភេទ និងប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងការគ្រប់គ្រងចំណាយថវិកាជាតិ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៩ ការប្រមូលចំណូលក្នុងប្រទេសសម្រេចបានរហូតដល់ប្រមាណ ២៥ភាគរយ នៃ ផសស ដែលជាប្រការមួយមិនធ្លាប់មានពីមុនមក សម្រាប់បណ្តាប្រទេសចំណូលទាប និងប្រទេសចំណូលមធ្យមកម្រិតទាបដូចកម្ពុជា។ ក្នុងផ្នែកចំណាយវិញ យើងបានគ្រប់គ្រងចំណាយថវិកាបានយ៉ាងល្អប្រសើរ ពោលគឺយើងមិនត្រឹមតែមិនចាយឱ្យលើសពីចំណូលដែលប្រមូលបានប៉ុណ្ណោះទេ តែយើងតែងបានខិតខំធ្វើវិចារណកម្មចំណាយជាប់ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាព និងសន្សំសំចៃថវិកាផង និងតម្រង់អាទិភាពចំណាយលើមុខសញ្ញាដែលចាំបាច់បានបន្ថែមទៀតផង។ ប្រការនេះ បានធ្វើឱ្យយើងសម្រេចបាននូវអតិរេកថវិកាចរន្តរហូតទៅដល់ជាង ៨ភាគរយ នៃ ផសស ធៀបនឹងការគ្រោងប្រមាណតែ ២,៨១ នៃ ផសស ប៉ុណ្ណោះ ដែលធ្វើឱ្យប្រាក់សន្សំរបស់រាជរដ្ឋាភិបាលបានកើនឡើងដល់ប្រមាណ ១៨ភាគរយ នៃ ផសស សម្រាប់ពង្រីកលំហថវិកា និងធនធានថវិកាបម្រុងទុកសម្រាប់ត្រៀមទប់ទល់នឹងវិបត្តិ និងហានិភ័យផ្សេងៗជាយថាហេតុ។
លោកបានបញ្ជាក់ដែរថា តាមអនុសាសន៍របស់ IMF សម្រាប់ប្រទេសដែលស្ថានភាពសេដ្ឋកិច្ច និងមានដុល្លាររូបនីយកម្មខ្ពស់ដូចកម្ពុជា ដើម្បីធានាបាននូវចីរភាពថវិកាពេលមានវិបត្តិ ត្រូវរក្សានូវលំហសារពើពន្ធ ឬប្រាក់សន្សំត្រឹមតែប្រមាណ ៦ភាគរយ នៃ ផសស ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែមានចីរភាព និងហានិភ័យកម្រិតទាប។ បើគិតត្រឹមដំណាច់ឆ្នាំ២០១៩ កម្ពុជាមានសនិ្នធិបំណុលសាធារណៈតិចជាង ៣០ភាគរយ នៃផសស បើគិតជាតម្លៃចារឹក (Nominal Term) ហើយ បើគិតជាតម្លៃបច្ចុប្បន្ន (NPV Term) មានតែ ២១ភាគរយ នៃ ផសស ប៉ុណ្ណោះ។ បើគិតទៅតាមបទដ្ឋានបច្ចេកទេសជាអន្តរជាតិនៃការគ្រប់គ្រងបំណុលសាធារណៈ, កម្ពុជានៅមានសល់លំហដែលអាចខ្ចីបានបន្ថែមរហូតទៅដល់ ៦០ភាគរយ នៃផសស បើគិតជាតម្លៃចារឹក (Nominal Term) និង ៤០ភាគរយ នៃ ផសស បើគិតជាតម្លៃបច្ចុប្បន្ន។ បើគិតបញ្ចូលទាំងបំណុលសាធារណៈ និងបំណុលឯកជន, ស្ថានភាពបំណុលរបស់ប្រទេសយើងនៅមានកម្រិតទាបនៅឡើយ ដែលនេះជាចំណុចខ្លាំងរបស់យើង។
លោកវង្សី វិស្សុត មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ នេះ, នឹងនៅតែអាចសម្រេចបានក្នុងរង្វង់ ៦ភាគរយទោះបីត្រូវប្រឈមការលំបាក និងហានិភ័យ ទាំងខាងក្នុង និងទាំងខាងក្រៅច្រើនជាងមុនក្តី ពិសេសករណីការរាលដាលនៃវីរ៉ុសកូរ៉ូណានៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។ លោកបានគូសបញ្ជាក់ថា ការកំណត់កំណើនសេដ្ឋកិច្ចប្រមាណ ៦,៥ភាគរយនៃ ផសស ក្នុងច្បាប់ថវិកាឆ្នាំ២០២០ គឺបានរាប់បញ្ចូលករណីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអ៊ីរ៉ុបរួចហើយ ព្រោះយើងដឹងថា វានឹងមកដល់ គ្រាន់តែមុន ឬក្រោយប៉ុណ្ណោះ។ ដូចនេះ ទោះបីសហភាពអ៊ឺរ៉ុបដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះមួយផ្នែក ឬទាំងស្រុងក្កី ក៏សេដ្ឋកិច្ចកម្ពុជាមិនដួលរលំដែរ ព្រោះយើងបានត្រៀមខ្លួនជាមុនរួចហើយ។ ម្យ៉ាងវិញទៀត ការដក EBA នេះ ប៉ះពាល់តែទៅលើការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារអ៊ឺរ៉ុបប៉ុណ្ណោះ ក្នុងខណៈដែលការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត ពិសេសអាម៉េរិកមានការកើនឡើងយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរ ក៏មានសន្ទុះកំណើនយ៉ាងខ្លាំងផងដែរ ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាកាន់តែមានពិពិធកម្មច្រើនជាងមុន។ តែទោះបីយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវដោះស្រាយបញ្ហាកំណើនដ៏ទាបជាប់ៗគ្នា ក្នុងវិស័យកសិកម្ម នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងការជំរុញការធ្វើពិពិធកម្ម, ភាពប្រកួតប្រជែង និងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាជាងមុន។
លោករដ្ឋលេខាធិកាក៏បានលើកឡើងផងដែរថា កម្ពុជាសង្ឈឹមថានឹងបន្តទទួលបាននូវលំហូរទុនវិនិយោគពីបរទេស ដោយសារឥទ្ធិពលនៃការបង្វែរទិសវិនិយោគ និងពាណិជ្ជកម្ម (trade and investment diversion) ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក, ការផ្លាស់ប្តូររចនាសម្ព័នសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួនក្នុងតំបន់ ដូចជាប្រាក់ឈ្នួលពលកម្មឡើងថ្លៃ និងបញ្ហាសង្គមដែលមានមនុស្សវ័យចំណាស់កាន់តែច្រើន ដូចជា ជប៉ុន កូរ៉េ ចិន និងថៃជាដើម ព្រមទាំងការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សហកម្មទី៤ ដែលថ្ងៃក្រៅនឹងធ្វើឱ្យការមានផ្លាស់ប្តូរពីខ្សែច្រវ៉ាក់ផលិតចង្វាក់សកល (global production chain) ទៅជាខ្សែច្រវ៉ាក់ផលិតកម្មតាមតំបន់ (regional production chain) វិញ។ ក្នុងន័យនេះ កម្ពុជាត្រូវបង្កើនសមត្ថភាពស្រូបយកផលប្រយោជន៍ពីការបង្វែរទិសវិនិយោគនិងពាណិជ្ជកម្មនេះឱ្យបានច្រើនជាអតិបរិមា៕សរន