ដោយ:អង្គរតូច/សៀមរាប៖កម្លាំងនគរបាលខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការងកាលពីថ្ងៃទី៣១ខែមករាបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្រោយពីកាប់បុរសម្នាក់ស្លាប់។ជនសង្ស័យដែលចាប់ខ្លួនទី១ឈ្មោះវ៉នវ៉ែនភេទប្រុសអាយុ២១ឆ្នាំមុខរបរជាងភ្លើងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម។

ទី២ឈ្មោះគង់សូរិយាហៅយ៉ាឬទើយភេទប្រុសអាយុ១៩ឆ្នាំបច្ចុប្បន្ននៅភូមិវាលសង្កាត់សំបួរ។ទី៣ឈ្មោះងួនធារ៉ាហៅហល់ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ។ទី៤ឈ្មោះលុនចំរើនរិទ្ធហៅវិតភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបញ្ជាក់ថាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រជនរងគ្រោះឈ្មោះហេងវិឆាយភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករទិញ-លក់អេតចាយ មានទីលំនៅបច្ចុប្បន្ន នៅភូមិក្រសាំង សង្កាត់ជ្រាវ និងបក្ខពួកចំនួន៣នាក់ទៀត បាននាំគ្នាចូលទៅផឹកស៊ីនិងរាំលេងនៅក្នុងក្លិបឈ្មោះ(កាឡាក់ស៊ី)ដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ។

ពេលដែលចូលរាំលែងក្នុងក្លិបក៏មានការឈ្លោះប្រកែកគ្នាជាមួយនឹងបក្ខពួកក្រុមក្មេងស្ទាវម្ខាងទៀត ដែលគេពុំធ្លាប់ស្គាល់ហើយមានការវាយតប់គ្នាទៅវិញទៅមក។ក្នុងការវ៉ៃតប់នោះមិនបណ្ដាលឱ្យអ្នកណាមួយរងរបួសនោះទេ។លុះវេលាម៉ោង២នឹង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះហេងវិឆាយនិងបក្ខពួករបស់គេបាននាំគ្នាចេញពីក្លិបជិះម៉ូតូបំណងទៅផ្ទះ។

ពេលជិះដល់ចំណុចខាងក្រោយសណ្ឋាគារសូហ្វីតែលស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក៏មានមនុស្សមួយក្រុមមានគ្នាជាច្រើននាក់និងម៉ូតូប្រហែល៦គ្រឿងបានប្រើកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះហេងវិឆាយត្រូវចំក្បាលខាងស្ដាំបណ្ដាលឱ្យមុតរយៈប្រវែង១៥សង់ទីម៉ែត្រ។ភ្លាមៗនោះពួកគេជិះម៉ូតូគេចខ្លួនបាត់អស់។
ចំណែកជនរងគ្រោះក៏បានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែខេត្ត។
លោកបន្តថាបន្ទាប់មកសមត្ថកិច្ចបានស៊ើបអង្កេតស្រាវជ្រាវហើយកំណត់មុខសញ្ញាទើបនាំខ្លួនជនសង្ស័យចំនួន៤នាក់ខាងលើមកសាកសួរ។ ក្រោយពីសាកសួរជនទាំង៤នាក់ ឆ្លើយសារភាពថាពួកគេ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន។ក្នុងនោះគឺមានបក្ខពួកចំនួនពីរនាក់ទៀតបានចូលរួមធ្វើសកម្មភាពកាប់ជាមួយដែរ។
ដោយទី១ឈ្មោះចិនភេទប្រុសអាយុប្រហែល១៨ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិវាលសង្កាត់គោកចក។ទី២ឈ្មោះសិទ្ធិភេទប្រុសអាយុប្រហែល១៨ឆ្នាំមិនស្គាល់ទីលំនៅ។ឈ្មោះចិនជាអ្នកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះផ្ទាល់។ពេលនេះឈ្មោះចិននិងឈ្មោះសិទ្ធិបានរត់គេចខ្លួនបាត់មិនដឹងទៅទីណានោះទេ។
លោកស្នងការងឱ្យដឹងទៀតថា ជាមួយការនាំខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានចាប់យក កាំបិតខ្វែវចំនួន១ដើមពីក្នុងផ្ទះរបស់ឈ្មោះចិនគឺជាកាំបិតខ្វែវដែលជនសង្ស័យធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕S/
