ដោយៈសុផល/ភ្នំពេញៈវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)បានផ្ដល់ឥណទានជាង៧ពាន់លានដុល្លារសហរដ្ឋអាមេរិកដល់អតិថិជនប្រហែលប្រមាណ២លាននាក់។នេះបើតាមការឱ្យដឹងរបស់លោក គា បូរាណប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានរៀបចំធ្វើមហាសន្និបាតលើកទី១៥ និងវេទិកាប្រចាំឆ្នាំលើកទី១ រវាងបញ្ញតិករនិងសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាស្ដីពីការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសប្រតិបត្ដិ នៃវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។
លោកគាបូរាណបានបានមានប្រសាសន៍ថា៖ទំហំចំនួនអ្នកកើនឡើងប្រហែលប្រមាណ២លាន១សែននាក់ មិនកើនចំនួនអ្នកខ្ចីច្រើនពេកទេ និងឥណទានប្រហែលជាង៧ពាន់លានដុល្លារ ឃើញថា មានការកើនឡើងចំនួនឥណទានច្រើនគួរសម។តាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា «គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទាន ចំនួនប្រហែល៧ពាន់លានដុល្លារដល់អតិថិជនប្រហែល២លាននាក់ខណៈអ្នកសន្សំមានចំនួនជិត៣លាននាក់ដោយមានទឹកប្រាក់ជិត៤ពាន់លាននៅតាមការិយាល័យចំនួន១.៤០០ដែលមានបុគ្គលិកចំនួន ៣៤.០០០នាក់»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុ មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ជាបឋមផលប័ត្រឥណទានបានកើនជាងមុន១៨ដងនៅពេលដែលចំនួន អតិថិជនកើនជាងមុខ២ដង។ ជាងនេះទៀត វិស័យនេះ ប្រែប្រួលខ្លាំងពីវិស័យអង្គកាអភិវឌ្ឍន៍ ទៅជាស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយម្ចាស់ទុនឯកជន។
វិស័យនេះ បានការផ្តោតខ្លាំងទៅលើ សហគ្រាសទុនតូច និងមធ្យម ទន្ទឹមនឹង ធនាគារមួយចំនួនតូច ក៏បានហក់ចូលក្នុងទីផ្សារនេះដែរ។ ការដាក់ពិដានអត្រាការប្រាក់ របស់រដ្ឋនៅខែមេសា ឆ្នាំ២០១៧ បានធ្វើឲ្យចំនួនអតិថិជននៅតែថេរតែទំហំឥណទានមធ្យមកាន់តែកើនឡើងគួរឲ្យកត់សំគាល់។កំណើននេះជំរុញឲ្យមានការកោតសរសើរក៏ដូចជាក្តីបារម្ភថាអាចនឹងមានបញ្ហាប្រឈមដូចជាបំណុលវ័ណ្ឌករ ដោយសារតែមានការ ប្រកួតប្រជែងខ្លាំង ក្នុងវិស័យនេះ។
លោកគាបូរាណបានថ្លែងថា«គម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវឆ្លើយតបបន្ថែមទៀតទៅនឹងការព្រួយបារម្ភនានាព្រមទាំងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចដែលធ្វើឲ្យប្រជាជនកម្ពុជា មានសិទ្ធិទទួលសេវាហិរញ្ញវត្ថុផ្លូវការបន្ថែម ក្នុងពេលដែល សមក បាននិងកំពុង ធ្វើការងារនេះ ជាមួយសមាជិករបស់ខ្លួនផងដែរ ចាប់តាំងពីឆ្នាំ២០១៧»។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថាគេរំពឹងថាគម្រោងនេះនឹងជួយលើកម្ពស់បរិយាបន្នមីក្រូហិរញ្ញវត្ថុដោយប្រើប្រាស់ស្តង់អន្តរជាតិប្រកបដោយក្រមសីលធម៌ មានដូចជា គោលការណ៍ការពារអតិថិជន។ឥណទានភ្ជាប់ជាមួយកិច្ចការសង្គមគោលការណ៍ផ្តល់ប្រាក់កម្ចីព្រមទាំងយន្តការណ៍ដោះស្រាយណ្តឹងអតិថិជន។លើកកម្ពស់វិស័យអប់រំហិរញ្ញវត្ថុដល់អតិថិជននិងសាធារណជនដោយសហការជាមួយធនាគារជាតិនៃកម្ពុជានិងដៃគូរផ្សេងៗ។លើកកម្ពស់ដល់ការយល់ដឹង ពីតួនាទីមីក្រូហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រនិងជួយកំណើនសេដ្ឋកិច្ចតាមទីជនបទក៏ដូចជាស្រាវជ្រាវនិងអភិវឌ្ឍបន្ថែម វិស័យមីក្រូហិរញ្ញវត្ថុ។
សូមជម្រាបថាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(សមក)នៅថ្ងៃនេះបានសម្ពោធគម្រោងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវក្នុងគោលដៅឆ្លើយតបការព្រួយបារម្ភនានានិងរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើឲ្យប្រជាជនកម្ពុជាមានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុផ្លូវការប្រកបដោយការទទួលខុសត្រូវ។គម្រោង៣ឆ្នាំនេះទទួលបានវិភាគទានពីសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងរួមចំណែកដល់យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩=២០២៥របស់ធនាគារជាតិនៃកម្ពុជា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគឺជាស្ថាប័នតែមួយគត់តំណាងឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ដែលបានចុះបញ្ជីស្របច្បាប់នឹងអនុវត្តនៅគម្រោងតម្លៃជិត១លានដុល្លារដោយសហការយ៉ាងជិតស្និតជាមួយសមាជិករបស់ខ្លួនព្រមទាំងដៃគូសំខាន់ៗដូចជា៖ធនាគារជាតិនៃកម្ពុជា,សមាគមធនាគារជាតិនៅកម្ពុជា,ការិយាល័យឥណទានកម្ពុជានិងដៃគូអភិវឌ្ឍនានា។
សមាគមមីក្រូហិរញ្ញវត្ថុគឺជាសមាគមវិជ្ជាជីវៈដែលជួយធ្វើឱ្យមានវិបុលភាពនិងនិរន្តរភាពវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាដោយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចព្រមទាំងការអភិវឌ្ឍ។សមកមានសមាជិកចំនួន១០១ស្ថាប័នសុទ្ធសឹងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានឥណទានជនបទ ព្រមទាំងក្រុមហ៊ុនភតិសន្យា៕S/