ដោយៈសុផល/ភ្នំពេញៈបញ្ហាប្រឈមចំនួន៣រួមមានការផ្ទុះជំងឺឆ្លងកូរ៉ូណា,បញ្ហាEBAនិងការថមថយនៃសេដ្ឋកិច្ចកម្ពុជា(GDP)មកត្រឹម៦ភាគរយអាចនឹងធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុមានការថមថយកំណើន នៅក្នុងឆ្នាំ២០២០នេះ។នេះបើតាមការបញ្ជាក់របស់លោកគាបូរាណប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោក គា បូរាណបានឱ្យដឹងថា«តាមធម្មតាប្រសិនជាកំណើនGDPប្រទេសកម្ពុជាមានការថមថយចុះ ខ្ញុំគិតថាវានឹងមានផលប៉ះពាល់ខ្លះដោយសារតែយើងឲ្យកម្ចីដាក់ទុនចូលទៅក្នុងសេដ្ឋកិច្ចដូច្នេះបើសិនជាសេដ្ឋកិច្ចយើងមានការថមថយតម្រូវការទុនក៏វាថមថយដែរបើសិនជាថមថយយើងក៏មិនអាចបញ្ចេញទុនបានដែរ»។
លោកបន្ដទៀតថា «ទាក់ទងការងារផ្សេងៗ ដូចជាជំងឺកូរ៉ូណាវិរុស និងបញ្ហាដក EBA គឺចង់មិនចង់ វានឹងមានផលប៉ះពាល់ខ្លះហើយបើសិនជារឿងហ្នឹងកើតឡើងមែនប៉ុន្ដែយ៉ាងណាក្ដីដូចខ្ញុំបានជម្រាបថា វិស័យដែលយើងផ្ដោតអារម្មណ៍ គឺកសិកម្ម ពាណិជ្ជកម្ម និងផលិតកម្មវិស័យនេះមិនសូវជាពាក់ព័ន្ធ ដោយផ្ទាល់ជាមួយនឹង EBA និងការងារផ្សេងក្ដី»។
ទោះបីជាយ៉ាងណាក្ដីលោកគាបូរាណក៏ប្រាប់ផងដែរថាត្រូវរង់ចាំមើលអំពីការវិវត្ដន៍ថ្មីៗក្នុងរយៈពេលខ្លីទៀតថាតើការវិវត្ដន៍នេះវិវត្ដន៍ទៅដល់ណា?យើងត្រូវរង់ចាំមើលអំពីការវិវត្ដន៍ថ្មីៗក្នុងរយៈពេលខ្លីទៀតថាតើការវិវត្ដន៍បែបម៉េចដែរ។ប៉ុន្ដែយ៉ាងណាក្ដីកត្ដា៣យ៉ាងនេះអាចជាកត្ដាប្រឈមវិស័យធនាគារទាំងមូលមិនមែនតែវិស័យមីក្រូហិរញ្ញវត្ថុទេ។គឺអាចមានការផ្ដាស់ប្ដូរអីចឹងហើយបានយើងរំពឹងថានៅឆ្នាំ២០២០នេះ កំណើនរបស់យើងប្រហែលជាមិនខ្ពស់ដូចឆ្នាំ២០១៩នោះទេដោយសារតែមានកត្ដា៣នេះ»។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះនឹងនៅតែអាចសម្រេចបានក្នុងរង្វង់៦ភាគរយទោះបីត្រូវប្រឈមការលំបាកនិងហានិភ័យទាំងខាងក្នុងនិងទាំងខាងក្រៅច្រើនជាងមុនក្តីពិសេសករណីការរាលដាល នៃវីរ៉ុសកូរ៉ូណានៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។
លោកបន្តថា ក្នុងច្បាប់ថវិកាឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានព្យាការណ៍ថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេច៦.៥ភាគរយ ដោយបានរាប់បញ្ចូលករណីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអ៊ីរ៉ុបរួចហើយ ព្រោះកម្ពុជាដឹងថា ការដក EBA នឹងមកដល់គ្រាន់តែមុនឬក្រោយប៉ុណ្ណោះ។ លោកថាទោះបីសហភាពអ៊ឺរ៉ុបដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះមួយផ្នែកឬទាំងស្រុងក្ដីក៏សេដ្ឋកិច្ចកម្ពុជាមិនដួលរលំដែរ ព្រោះកម្ពុជាបានត្រៀមខ្លួនជាមុនរួចហើយ។
លោក វង្សី វិស្សុត បានបញ្ជាក់ទៀតថា ការដក EBAនេះប៉ះពាល់តែទៅលើការនាំចេញសំលៀកបំពាក់ ទៅកាន់ទីផ្សារអ៊ឺរ៉ុបប៉ុណ្ណោះក្នុងខណៈដែលការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀតពិសេសអាមេរិកមានការកើនឡើងយ៉ាងខ្លាំង។ទន្ទឹមនឹងនេះវិស័យកម្មន្តសាលមិនមែនកាត់ដេរក៏មានសន្ទុះកំណើនយ៉ាងខ្លាំងផងដែរ ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា កាន់តែមានពិពិធកម្មច្រើនជាងមុន។
តែទោះបីយ៉ាងណាក៏ដោយកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាកំណើនដ៏ទាបជាប់ៗគ្នាក្នុងវិស័យកសិកម្មនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនិងការជំរុញការធ្វើពិពិធកម្ម,ភាពប្រកួតប្រជែងនិងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាជាងមុន៕S/