នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន សួនហ្វ៊ុក កាលពីថ្ងៃសៅរ៍ទី០១កុម្ភៈបានសំរេចចិត្តប្រកាសថា ណូវ៉ែល កូរ៉ូណាវីរុស(nCoV)ជាវីរុសឆ្លងរាលដាលមួយនៅវៀតណាម។
គិតមកត្រឹមថ្ងៃសៅរ៍ វៀតណាមបានរកឃើញអ្នកឆ្លងវីរុសនេះ៦ករណី។
ជាវិធានការទប់ស្កាត់ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមផ្អាកការហោះហើរទៅកាន់ចិន ហុងកុង និងកោះតៃវ៉ាន់ ចាប់ពីថ្ងៃសៅរ៍មក ដោយសារតែការផ្ទុះវីរុស។
ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសុក្រថាខ្លួននឹងផ្អាកជើងហោះហើរទៅកាន់ចិនចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ និងកាត់បន្ថយការហោះហើររវាងក្រុងហូជីមីញ និងហុងកុង ពី១០ជើងមកនៅត្រឹម៧ជើងក្នុង១សប្តាហ៍។
ចំណែកក្រុមហ៊ុនអាកាសចរណ៍វៀតណាមVietjetបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនផ្អាកការហោះហើរទាំងអស់ ទាំងទៅទាំងមកពីចិនចាប់ពីថ្ងៃ០១កុម្ភៈ។
អាជ្ញាធរអាកាសចរណ៍វៀតណាមបាននិយាយកាលពីថ្ងៃសៅរ៍ថា វៀតណាមផ្អាកការហោះហើរទាំងអស់មកពីចិន និងក៏ហាមយន្តហោះមកពីតៃវ៉ាន់ ហុងកុងនិងម៉ាកាវផងដែរ ក្នុងកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលវីរុស។
ទ្រីញ គួក ទួន មន្ត្រីនៅអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា«យើងផ្អាកការហោះហើរពីវៀតណាមទៅចិនតែប៉ុណ្ណោះ»។
ការប្រកាសចាត់វិធានការរបស់វៀតណាមកើតឡើងក្រោយពីប្រទេសនេះអះអាងថាបានរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសទី៦។អ្នកទទួលភ្ញៀវសណ្ឋាគារអាយុ២៥ឆ្នាំម្នាក់ នៅក្រុងញ៉ា ត្រាង បានឆ្លងវីរុសនេះក្រោយបានទាក់ទងជាមួយឪពុកនិងកូនជនជាតិចិនដែលឆ្លងវីរុសនេះ។នាងជាករណីឆ្លងពីមនុស្សទៅមនុស្សនៅវៀតណាមក្រោយពីឪពុកមកពីក្រុងវូហាន ប្រទេសចិន បានចម្លងវីរុសទៅកូនប្រុសដែលស្ថិតនៅវៀតណាមអស់ពេលរាប់ខែ។
អ្នកផ្ទុកវីរុស៣នាក់ទៀត គឺជាជនជាតិវៀតណាមរស់នៅក្រុងវូហាន ដែលជាស្នូលនៃការផ្ទុះជម្ងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស។
ឥឡូវ វៀតណាមចូលរួមជាមួយ ថៃ ចិន អាឡឺម៉ង់ កូរ៉េខាងត្បូង បារាំង និងអាម៉េរិក ជាប្រទេសដែលមានការឆ្លងកូរ៉ូណាវីរុសនៅក្នុងស្រុកផ្ទាល់របស់គេ៕ប្រែសម្រួល៖វាសនា
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមVietjetបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្អាកការហោះហើរទាំងអស់ ទាំងទៅទាំងមកពីចិន