នាវាពិឃាតជប៉ុនមួយបានចេញដំណើរទៅកាន់ឈូងសមុទ្រអូម៉ង់កាលពីថ្ងៃអាទិត្យទី០២កុម្ភៈចំពេលមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដើម្បីការពារផ្លូវដឹកជញ្ជូនតាមសមុទ្រដែលផ្គត់ផ្គង់ប្រេងស្ទើរទាំងអស់នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៣ក្នុងលោកនេះ។
ក្នុងពិធីដែលមានការចូលរួមពីសមាជិកគ្រួសាររបស់នាវិកដែលត្រូវចេញដំណើរ និងតំណាងមកពីអាម៉េរិក សហភាពអឺរ៉ុបនិងមជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេបានប្រាប់ទៅក្រុមនាវិកនៅមូលដ្ឋានយ៉ីកូស៊ូកាជិតទីក្រុងតូក្យូថា«នាវាជប៉ុនរាប់ពាន់ ធ្វើដំណើរចេញចូលផ្លូវទឹកនេះជារៀងរាល់ឆ្នាំ ដោយដឹកប្រេងប្រមាណ៩០ភាគរកដែលជប៉ុនប្រើ។វាជាខ្សែជីវិតរបស់ជប៉ុន»។
រដ្ឋាភិបាលរបស់លោកអាបេ បាននិយាយថាខ្លួនត្រៀមអនុញ្ញាតអោយប្រើកម្លាំងការពារនាវាដែលស្ថិតក្រោមគ្រោះថ្នាក់ ជាការសំរេចចិត្តដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញជប៉ុនដែលហាមការប្រើកម្លាំងយោធានៅក្នុងជម្លោះអន្តរជាតិ។
ទោះជាយ៉ាងណា នាវាTakanamiហើយនឹងយន្តហោះល្បាតសមុទ្រ២គ្រឿងទៀតដែលនឹងចូលរួមក្នុងបេសកកម្មនេះដែរនឹងមិនចូលរួមក្នុងកងទ័ពជើងទឹកដឹកនាំដោយសម្ពន្ធមិត្តអាម៉េរិកទេ ឬក្រុមចម្រុះផ្សេងទៀតនៅក្នុងតំបន់នេះទេ។
រដ្ឋាភិបាលក្រុងតូក្យូបានសំរេចធ្វើប្រតិបត្តិការដោយឯករាជ្យដើម្បីជៀសវាងការជាប់ពាក់ព័ន្ធជម្លោះក្នុងតំបន់៕ប្រែសម្រួល៖វាសនា
នាវាពិឃាតជប៉ុននឹងចែករំលែកការល្បាតដែនទឹកក្នុងតំបន់ ខណៈដែលកាន់តែមាននាវាចម្បាំងមកពីប្រទេសនានាចូលមកល្បាតផងដែរ រួមមាននាវាមកពីអាម៉េរិក បារាំងនិងអង់គ្លេស