ដោយៈមុនីរ័ត្ន/ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.បនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋឥណ្ឌាបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពីកម្មវិធីកសាងសមត្ថភាពលើការគ្រប់គ្រងការបោះឆ្នោតសម្រាប់កម្ពុជាក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេសឥណ្ឌា។
វគ្គបណ្តុះបណ្តាលពិសេសនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងញ៉ូដែលី ប្រទេសឥណ្ឌា ចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០។ក្នុងនោះមានតែមន្ត្រីជាន់ខ្ពស់គ.ជ.បកម្ពុជាចំនួន២២រូបតែប៉ុណ្ណោះដែលត្រូវបានឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ប្រទេសឥណ្ឌាត្រូវបានគេទទួលស្គាល់ថាជាប្រទេសមានលទ្ធិប្រជាធិបតេយ្យធំជាងគេនៅលើពិភពលោក ហើយអ្នកមានសិទ្ធិបោះឆ្នោតក្នុងឆ្នាំ២០១៩ មានជាង៩០០លាននាក់។
គ.ជ.បយល់ឃើញថានេះគឺជាឱកាពិសេសមួយដែលសិក្ខាកាមទាំង២២រូបអាចដកស្រង់បទពិសោធន៍ពីប្រទេសដែលមានអ្នកមានសិទ្ធិបោះឆ្នោតដ៏ច្រើន។ស្របពេលដែលកម្ពុជាកំពុងត្រៀមរៀបចំដំណើរការការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០និងការបោះឆ្នោតសកលនាឆ្នាំ២០២២និងឆ្នាំ២០២៣។ក៏ជាឱកាសដែលសិក្ខាកាមបានបង្ហាញនិងចែករំលែកបទពិសោធន៍របស់ខ្លួនអំពីការបោះឆ្នោតនៅកម្ពុជាផងដែរ។
វគ្គបណ្តុះបណ្តាលនេះនឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងកាន់តែល្អរវាង គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជានិងគ.ជ.បនៃសាធារណរដ្ឋឥណ្ឌាក្នុងភាពជាដៃគូដើម្បីលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា៕S/