ទីក្រុងវេនចូវ(Wenzhou)ភាគខាងកើតចិន បានចាប់ផ្តើមរឹតត្បិតចលនារបស់អ្នកក្រុងនិងបិទផ្លូវថ្នល់កាលពីថ្ងៃអាទិត្យទី០២កុម្ភៈ ក្នុងការចាត់វិធានការគំហុកបំផុតនៅក្រៅស្នូលនៃការផ្ទុះវីរុសឆ្លង។
នៅចម្ងាយ៨០០គីឡូម៉ែត្រពីក្រុងវូហាន ក្រុងវេនចូវ ដែលមានមនុស្ស៩លាននាក់ឥឡូវ ជួបវាសនាដូចគ្នាគឺរឹតត្បិតចលនាមនុស្ស
អាជ្ញាធរបានបញ្ជាក់ថានៅក្នុងទីក្រុងដែលមានមនុស្ស៩លាននាក់នេះ មានតែមនុស្សម្នាក់ក្នុងមួយគ្រួសារអាចចេញក្រៅដើម្បីទិញអីវ៉ាន់ប្រើប្រាស់ចាំបាច់ក្នុងរយៈពេល២ថ្ងៃម្តង នៅពេលបញ្ជបង់ប្រាក់ផ្លូវហាយវ៉េចំនួន៤៦ក្នុងក្រុងបានបិទ។
ខេត្តហ្សេជាំង ដែលក្រុងវេនចូវតាំងនៅ មានចំនួនអ្នកឆ្លងកូរ៉ូណាវីរុសនេះច្រើនជាងគេក្នុងចំណោមខេត្តក្រៅខេត្តហ៊ូប៉ី ដែលមានអ្នកឆ្លងវីរុសនេះ។របាយការណ៍បាននិយាយថាវាមានអ្នកឆ្លង៦៦១នាក់ក្នុងចំនួននេះ២៦៥នាក់នៅក្នុងក្រុងវេនចូវ។
ទីក្រុងដែលនៅចម្ងាយ៨០០គីឡូម៉ែត្រពីក្រុងប្រភពវីរុស(វូហាន) ក៏លុបចោលព្រឹត្តិការណ៍សាធារណៈផ្សេងៗ និងបិទកន្លែងសាធារណៈដូចជា កន្លែងហែលទឹក រោងភាពយន្តនិងសារមន្ទីរ។ផ្លូវរថភ្លើងក្រោមដីនិងគមនាគមន៍សាធារណៈក៏ត្រូវបានផ្អាក និងទុកតែរថយន្តក្រុងក្នុងខេត្តអោយបន្តដំណើរការ។
សាលារៀននិងសកលវិទ្យាល័យបន្តបិទដល់ថ្ងៃ០១មីនា ហើយអាជ្ញាធរនិយាយថាបណ្តាសហគ្រាសគួរកុំបន្តធ្វើការរហូតដល់ក្រោយថ្ងៃ១៧កុម្ភៈ លើកលែងតែស្ថាប័នរដ្ឋនិងផ្នែករដ្ឋបាល។
កូរ៉ូណាវីរុសបានចម្លងទៅមនុស្សជាង១៤.០០០នាក់ និងសម្លាប់មនុស្ស៣០៤នាក់នៅទូទាំងប្រទេសចិន។ខេត្តហ៊ូប៉ីដែលជាប្រភពផ្ទុះជម្ងឺបានស្ថិតក្រោមការបង្ខាំងអោយនៅដាច់ពីគេអស់មួយសប្តាហ៍មកហើយ ដោយផ្លូវថ្នល់និងគមនាគមន៍សាធារណៈត្រូវបិទ៕ដោយ៖វាសនា
ខេត្តហ៊ូប៉ីដែលជាប្រភពផ្ទុះជម្ងឺបានស្ថិតក្រោមការបង្ខាំងអោយនៅដាច់ពីគេអស់មួយសប្តាហ៍មកហើយ ដោយផ្លូវថ្នល់និងគមនាគមន៍សាធារណៈត្រូវបិទ
អ្នកស្ម័គ្រចិត្តពាក់សម្លៀកបំពាក់ការពារបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងខេត្តហ្សេជាំង