ដោយមូលសម្បត្តិ/ភ្នំពេញ៖ អង្គការ UNESCO បានសម្រេចគាំទ្រឱ្យកម្ពុជាជ្រើសរើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិត។ក្នុងនោះUNESCOសំឡឹងទីក្រុងមួយចំនួនរបស់កម្ពុជាជាពិសេសទីក្រុងបាត់ដំបងក្រចេះនិងកំពតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO។
ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយគណៈប្រតិភូរអង្គការ UNESCO ដឹកនាំដោយលោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំកម្ពុជានៅទីស្ដីការក្រសួងទេសចរណ៍នារសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២០។កិច្ចជុំនួបពិភាក្សាគ្នាក្នុងគោលបំណងពង្រឹងនូវកិច្ចសហការរវាងស្ថាប័នទាំងពីរលើការងារទេសចរណ៍និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ទីក្រុង ទេសចរណ៍ម្ហូបអាហារ និងការងារមួយចំនួនផ្សេងទៀត។
អង្គពិភាក្សាបានឯកភាពគ្នាលើចំណុចការជំរុញអភិវឌ្ឍវិស័យអេកូទេសចរណ៍តាមរយៈការរួមគ្នាសិក្សាកំណត់តំបន់អេកូទេសចរណ៍ទូទាំងប្រទេសដោយប្រើប្រាស់យន្តការក្រោមការងារអន្តរក្រសួងគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ដើម្បីស្នើសុំរាជរដ្ឋាភិបាលកំណត់ជាតំបន់អេកូទេសចរណ៍អាទិភាពដែលត្រូវអភិវឌ្ឍដោយឈរលើគោលការណ៍ណែនាំមួយច្បាស់លាស់(Guideline) និងយន្តការកិច្ចសហប្រតិបត្តិការ 4P។
អង្គការUNESCOបានគាំទ្រការដាក់ចេញឲ្យឆាប់រហ័សផែនការមេអភិវឌ្ឍខេត្តសៀមរាបដែលក្រសួងទេសចរណ៍និងក្រុមការងារអន្តរក្រសួងបានកំពុងរៀបចំដោយផ្តោតលើតំបន់៦ជាអាទិភាពគឺតំបន់ប្រាសាទអង្គរ ក្រុងសៀមរាបទន្លេសាប-ព្រែកទាល់ភ្នំគូលែនបន្ទាយស្រីនិងតំបន់សៀមរាបថ្មីដោយអង្គការ UNESCO នឹងផ្តល់អ្នកជំនាញការដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងផែនការនេះ។
តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍បានលើកឡើងថា«អង្គការUNESCOគាំទ្រឲ្យកម្ពុជាជ្រើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO(CreativeCity)ដោយនៅក្នុងនោះUNESCOសំឡឹងទីក្រុងមួយចំនួនរបស់កម្ពុជាជាពិសេសទីក្រុងបាត់ដំបងក្រចេះនិងកំពតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO»។
ក្រៅពីនេះ អង្គប្រជុំបានឯកភាពគ្នាបានគាំទ្រឱ្យមានការដាក់បញ្ចូលនូវម្ហូបអាហារខ្មែរ (Cambodian Gastronomy) ជាពិសេសនំបញ្ចុក ប្រហុក អាមុក និងអំបុកជាដើម និងបេតិកភណ្ឌអរូបីផ្សេងទៀត ដើម្បីដាក់ក្នុងបញ្ជីត្រៀម(TentativeList)សម្រាប់ស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO។អង្គប្រជុំក៏បានឯកភាពបង្កើតនូវក្រុមការងារចម្រុះមួយដែលមានក្រសួងទេសចរណ៍ និងអង្គការ UNESCO ដើម្បីអនុវត្តនូវផែនការដែលបានលើកឡើងក្នុងអង្គប្រជុំនេះ៕S/