ដោយៈសុផល/ភ្នំពេញៈគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC)ដឹកនាំដោយលោកស្រីកិត្តិសង្គហបណ្ឌិតឃួនសុដារអនុប្រធានទី២នៃរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC)បានអញ្ជើញចូលរួមជាអធិបតីក្នុង“កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០-សេអ៊ូល នៃសហព័ន្ធសន្តិភាពសកល UPF” ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េក្រោមប្រធានបទ“សន្តិភាពសន្តិសុខនិងការអភិវឌ្ឍធនធានមនុស្ស”។
ការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងក្រុមប្រឹក្សាវប្បធម៌អាស៊ីនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកបណ្ឌិត ថូម៉ាស ជី. វ៉ែល (Thomas G. Walsh) ប្រធាន នៃសហព័ន្ធសន្តិភាពសកល។នៅក្នុងព្រឹតិ្តការណ៍នេះ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួនសុដារីបានចូលរួមថ្លែងសុន្ទរកថាក្នុងសន្និបាតពិភពលោកនៃសមាគមអន្តរជាតិនៃសមាជិកសភាសម្រាប់សន្តិភាព(IAPP) ស្តីពីតួនាទីដ៏សំខាន់របស់សភាក្នុងការចូលរួមថែរក្សា ការពារ សន្តិភាព និងសនិ្តសុខ។
ដោយធ្វើការចែករំលែក និងផ្លាស់ប្តូរនូវទស្សនៈវិស័យ ពាក់ព័ន្ធនឹងបញ្ហានានាដូចជា បញ្ហាហិង្សាជ្រុលនិយមអំពើភេវរកម្មការប្រែប្រួលអាកាសធាតុគ្រោះមហន្តរាយអន្តរជាតិនិងការកើនឡើងវិសមភាពដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខមនុស្សនិងសុខុមាលភាពសង្គមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
ក្នុងកំឡុងពេលនេះដែរលោកស្រីកិត្តិសង្គហបណ្ឌិតឃួនសុដារីក៏គ្រោងនឹងជួបសំណេះសំណាលនិងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រតិភូតំណាងមកពីស្ថាប័នជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍នេះដែលជាសមាជិកសមាគមអន្តរជាតិនៃសមាជិកសភាសម្រាប់សន្តិភាព(IAPP)។
“កិច្ចប្រជុំកំពូលពិភពលោក២០២០-សេអ៊ូល” គឺជាវេទិកាអន្តរជាតិ ដែលបង្កើតឱ្យមានការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកគតិបណ្ឌិត និងការយល់ឃើញរបស់ថ្នាក់ដឹកនាំផ្សេងៗ មេដឹកនាំសាសនាធុរៈជននិងតំណាងសង្គមស៊ីវិលក្នុងគោលបំណងចូលរួមកសាងពិភពលោកមួយប្រកបដោយការអធ្យាស្រ័យគ្នាទៅវិញទៅមកសន្តិភាពប្រកបដោយនិរន្តភាពនិងវិបុលភាពសម្រាប់មនុស្សទាំងអស់។
ពិសេសជាងនេះទៅទៀតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាអាស៊ីត្រូវបានផ្តល់កិត្តិយសជាប្រមុខថ្នាក់ដឹកនាំដ៏សំខាន់ដើម្បីអញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់អ្នកចូលរួមរាប់ពាន់នាក់មកពីគ្រប់ទិសទីក្នុងពិភពលោកអំពីបទពិសោធន៍របស់ប្រទេសកម្ពុជាក្នុងដំណើរការកសាងសន្តិភាពនិងប្រទេសជាតិតាមរយៈ«គោលនយោបាយឈ្នះ-ឈ្នះ»ដែលធ្វើឱ្យកម្ពុជាអាចបញ្ចប់ការតស៊ូប្រដាប់អាវុធហើយទទួលបានសន្តិភាពនិងការបង្រួបបង្រួមជាតិពេញលេញនៅចុងទសវត្សឆ្នាំ១៩៩០។
គួរបញ្ជាក់ផងដែរថា សហព័ន្ធសន្តិភាពសកល(UPF) គឺជាអ្នករៀបចំដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ ហើយដែលមានឋានៈជាអ្នកពិគ្រោះយោបល់ទូទៅជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ(ECOSOC) ។
គួររំលឹកផងដែរថាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជា-ណាចក្រកម្ពុជាធ្លាប់ត្រូវបានអញ្ជើញទៅចូលរួមជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី១ដែលជាកិច្ចប្រជុំដ៏សំខាន់មួយ ចំណុះឱ្យកិច្ចប្រជុំកំពូល នៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៨ ហើយបន្ទាប់មក ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសនិងមោទនភាពក្រៃលែងដោយបានប្រារព្ធកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នេះ មានការរំពឹងទុកថា នឹងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាលប្រធានសភាភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទីនៅលើពិភពលោកដែលនឹងរួមគ្នាផ្តល់នូវវិភាគទានជាវិជ្ជមានក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដើម្បីកសាងពិភពលោកសន្តិភាពយូរអង្វែងសម្រាប់គ្រួសារមនុស្សជាតិទាំងមូល៕S/