កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើសន្និសីទ កាសែតជុំវិញការគ្រប់គ្រងសំរាម និងការប្រមូលថ្លៃសំរាម ដើម្បីពន្យល់ដល់ប្រជាពល រដ្ឋរស់នៅក្នុងរាជធានី ភ្នំពេញ ឲ្យបានយល់ដឹងបន្ថែម ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម និងការប្រមូលថ្លៃសំរាម នៅរាជធានីភ្នំពេញ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺជាពេលវេលា ដែលប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវទៅបង់ ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែមករា ឆ្នាំ២០២០។ ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់ រឹង នៅក្នុងរាជធានីភ្នំពេញ មិនត្រូវបានភ្ជាប់គ្នា ជាមួយវិក្កយបត្រអគ្គិសនីទៀតនោះទេ ពោល គឺត្រូវទូទាត់ តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក តាមទូរស័ព្ទដៃ ឬបញ្ជរទូទាត់នៅ ធនាគារដៃគូសហការមួយចំនួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែល ចំណេញពេលវេលា និងកាត់បន្ថយចំណាយ។
ប្រព័ន្ធទូទាត់អេឡិចត្រូនិក ក្នុងការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅក្នុងរាជធានីភ្នំពេញ រួមមាន ធនាគារអេស៊ីលីដា ធនាគារឯកទេសវីង អ៊ី-ម៉ាន់នី លីហួរវេរលុយ ផៃផេ ទ្រូម៉ាន់នី និងដារ៉ាផេ ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី ៥០០រៀល ទៅ៨០០ រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ទូទាត់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាប្រចាំ ឆ្នាំក៏បាន ដោយមានភាពចំណេញច្រើន គឺអស់ថ្លៃសេវាតែមួយប្រតិបត្តិការទូទាត់ប៉ុណ្ណោះ។
សម្រាប់ការបង់ថ្លៃសេវាប្រមូលសំរាម ប្រជាពលរដ្ឋ ត្រូវបង់ថ្លៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ ហើយក្នុងករណីខកខានមិនបានបង់ទូទាត់ ក្រោយរយៈពេល ១៥ថ្ងៃ នៃដំណាច់ ខែនីមួយៗ នឹងត្រូវចាត់ទុកជាបំណុល ដែលជាកម្មវត្ថុនៃការផាកពិន័យប្រាក់ ទៅតាមច្បាប់។
ចំពោះតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដែលប្រជាពលរដ្ឋ ត្រូវបង់នៅពេលនេះផ្អែក តាមថ្លៃសេវា ដែលបបានបង់កាលពីខែតុលា ឆ្នាំ២០១៩ ដោយគ្រាន់តែវាយបញ្ចូលលេខ សំគាល់អតិថិជន ( ID ) ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី។ ពោលគឺអាជ្ញាធររាជធានីភ្នំពេញ មិនមានចេញវិក្កយបត្រថ្មី ថ្លៃសំរាម ជូនដល់ប្រជាពលរដ្ឋតាមផ្ទះនោះទេ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេល បង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រីមានសិទ្ធិបន្តប្រតិបត្តិការ សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង ជាបណ្តោះអាសន្ន នៅក្នុងរាជធានី ភ្នំពេញ។ ប៉ុន្តែស៊ីនទ្រី មិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀតទេ។ ក្នុងនោះ វិក្កយបត្រថ្លៃសេវាសំរាមក៏ត្រូវបានដកចេញពីវិក្កយ បត្រភ្លើងអគ្គិសនី ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ផងដែរ។
យ៉ាងណាក៏ដោយចុះ នៅពេលនេះ អ្នករស់នៅភ្នំពេញ បានដឹងកាន់តែច្បាស់ហើយពីវិធីនៃ ការបង់លុយថ្លៃសំរាម ដែលកាន់ប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ឬក៏ទៅបង់លុយតាមវីង អ៊ីម៉ាន់នី លីហួរ និងជាទ្រូម៉ានី ដែលមានបើកយ៉ាងច្រើន តាមគ្រប់ផ្លូវតូច ផ្លូវធំ នៅជិតផ្ទះ។
ទន្ទឹមនឹងការបង្កើតមធ្យោបាយបង់លុយ កាន់តែងាយស្រួលនេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញ ក៏បានសំណូមពរដ៏ទទូចជូនអាជ្ញាធររាជធានីភ្នំពេញ សូមមេត្តាគិតគូរ និងដាក់ចេញនូវយន្តការ ប្រមូលសំរាម តាមមុខផ្ទះប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ដូចវិធីប្រមូលលុយនេះផង។
គេនៅចាំបានថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដកសិទ្ធិប្រមូល និងគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ ពីក្រុមហ៊ុនស៊ីនទ្រីដោយ សារតែក្រុមហ៊ុនេះ មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រមូល ដឹកជញ្ជូនសំរាម នៅភ្នំពេញ ព្រោះតែភ្នំពេញ កាន់តែធំ ហើយសំរាមក៏កាន់តែច្រើន នាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញ រៀបចំបែងចែកជា ៤តំបន់ នៅក្នុងរាជធានីភ្នំពេញ ហើយស្វែងរក ក្រុមហ៊ុនឯកជនយ៉ាងតិចបួន ឲ្យចូលរួមដេញថ្លៃ ក្នុងការប្រមូល ដឹកជញ្ជូនសំរាមដោយក្នុង ក្រុមហ៊ុនមួយ មានសិទ្ធិ ទទួលយកតែ ១តំបន់ប៉ុណ្ណោះ ក្នុងការសំអាតសំរាម នៅភ្នំពេញ។
ក៏ប៉ុន្តែចាប់តាំងពីខែតុលា ឆ្នាំ២០១៩ មកដល់ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺ ៣ខែមកនេះ វិធានការក្នុងការដោះស្រាយបញ្ហាសំរាម បានត្រឹមតែការដកចេញថ្លៃសំរាមចេញពីវិក្កយបត្រ ភ្លើងអគ្គិសនី ដែលបានអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ហើយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ គឺអាជ្ញាធររាជធានីភ្នំពេញ បានប្រកាសចេញពីវិធីបង់លុយថ្លៃសំរាម។
ដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋអ្នករស់នៅភ្នំពេញ បានស្ងប់ចិត្ត សូមឲ្យអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រៀបចំឲ្យបានឆាប់រហ័សនូវយន្តការដឹកជញ្ជូនសំរាមឲ្យបាន ទៀងទាត់ ព្រោះថា សព្វថ្ងៃ វិបត្តិសំរាម នៅបន្តកើតមាន ដោយសំរាម នៅគរមុខផ្ទះ និងនៅ តាមផ្លូវនានា បង្កើតក្លិនស្អុយដូចសម័យកាលស៊ីនទ្រីដដែល។ ជាសំណូមពរ សូមអាជ្ញាធរ សមត្ថកិច្ច ចាត់វិធានការ ឲ្យបានឆាប់ៗ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ព្រោះថា ៣ហើយ សំរាមនៅតែចោទជាបញ្ហា ខណៈដែលបុគ្គលិកស៊ីនទ្រីមួយចំនួន ក៏ត្រូវបានកាត់ រំសាយ បង្កជាការតវ៉ាថែមទៀតនោះ៕ ដោយៈ ម៉េងឆៃ