មហាជន គួរតែ​ប្រុងប្រយ័ត្ន មុនពេល​ជឿ​លើ​ការផ្សាយ​ណាមួយ​!

ការផ្សព្វផ្សាយ​ព័ត៌មាន​បែប​បំផ្លើស បំភ្លៃ និង​បំភ័យ កំពុង​កើតមាន​យ៉ាង​ផុសផុល ជាពិសេស​នៅលើ​ហ្វេ​ស​ប៊ុ​ក ស្របពេល​ផ្ទុះឡើង​នូវ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កូ​រ៉ូ​ណា វីរុស​។ ហេតុនេះហើយ បានជារដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អំពាវនាវ​ឱ្យ​មហាជន ប្រុងប្រយ័ត្ន មុនពេល​ដាក់ការទុកចិត្ត​លើ​ការផ្សាយ​ព័ត៌មាន​ណាមួយ ឬក៏​ចែកចាយ​បន្ត​នៅលើ​ហ្វេ​ស​ប៊ុ​ក​។​

លោក ខៀវ កាញារីទ្ធ បានលើកឡើង​កាលពី​ថ្ងៃទី​៣១ ខែមករា​ថា ការងារ​ជា​អ្នកសារព័ត៌មាន ជាការងារ​សេរី​ មិនចាំបាច់​ទាល់​តែមាន​សញ្ញាបត្រ​គ្រប់គ្នា​នោះឡើយ​។​ដូច្នេះហើយ​បានជា​ការបំបាត់​ព័ត៌មាន បំផ្លើស បំភ្លៃ ខុស​ការពិត ឬ​ព័ត៌មាន​ក្លែងក្លាយ គឺ​សំខាន់​លើ​មហាជន​ដែល​ត្រូវមានការ​ប្រុងប្រយ័ត្ន មុនពេល​ដាក់​ការទុកចិត្ត​លើ​ការផ្សាយ​ព័ត៌មាន​ណាមួយ​។ នៅក្នុង​ប្រទេសសេរី សារព័ត៌មាន​ស្លាប់ ឬ​រស់ អាស្រ័យ​លើ​សាធារណជន ប្រសិនបើ​សាធារណជន​មិន មើល​ព័ត៌មាន​ទាំងនោះ នឹង​សាបរ​លាភ​ទៅវិញដោយ​ខ្លួនឯង​។​
​ ​
លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា បើ​មហាជនឃើញថា អ្នកកាសែត​ហ្នឹង មិនកើត​ហើយ ។​បើ​ឃើញថា ផេ​ក​ហ្នឹងវា​មិនល្អ​ហើយ កុំ​នាំគ្នា​ទៅ​មើលទៅ​។ វា​ចុះ​ឯង​ហើយ​។
​ ​
លោក​រដ្ឋមន្ត្រី​ព័ត៌មាន​បាន​គូសបញ្ជាក់​បន្ថែមថា នៅ​ក្នុងសម័យ​អក្ខរកម្ម​ព័ត៌មាន អ្នកអាន​ត្រូវចេះ​ឆែក​រក​ប្រភពព័ត៌មាន​តើ​គួរ​ទុកចិត្តបាន​កម្រិតណា និង​កុំ​គិតថា រាល់​ព័ត៌មាន​តែ​ទទួល សុទ្ធសឹងតែ​ជាការ​ពិត ត្រូវ​ពិនិត្យ​រក​ប្រភព​យ៉ាងហោច ណាស់​បី​ផ្សេងគ្នា ដើម្បី​ផ្ទៀងផ្ទាត់​។ ទោះជា​យ៉ាងណា ក្រសួងត្រៀមខ្លួន​គាំទ្រ​បញ្ជូន​មន្ត្រី​ជំនាញ​ព័ត៌មានជួយ​បណ្ដុះបណ្ដាល នៅតាម​សមាគម​អ្នកសារព័ត៌មាន​នានា បើ​មាន​តម្រូវការ​។​
​ ​
ជាមួយគ្នា​នោះ ដើម្បី​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំផ្លើស បំភ្លៃ ខុស​ការពិត នៅក្នុងសន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​៣០​មករា ស្ដីពីបញ្ហា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មាន ប្រសាសន៍ថា ការបំពុល​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក អំពី​ជំងឺ​កូ​រ៉ូ​ណា នាំឱ្យ​ប្រជាជន​កម្ពុជា​យើងមានការ​ភ័យខ្លាច ហើយ​ក្លាយជា​ជំងឺ​ខ្លាំង​ជាង​ភ័យខ្លាច​ជំងឺ​កូ​រ៉ូ​ណា​ទៅទៀត​។

​គេ​ពិនិត្យឃើញថា ព័ត៌មាន​បំភ័យ ខុស​ការពិត​នេះ ចេញពី​បុគ្គល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ​ហើយ​ក្នុងនោះក៏មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​អះអាងថា ជា​អ្នកសារព័ត៌មាន ដោយ​មិនមាន​ចំណេះដឹង ផ្នែក​សារព័ត៌មាន ក៏ដូចជា​ចំណេះដឹង​ទូទៅ​នៅ​ទាប ហើយ​ក្រុម​ជន​នោះ ក៏​មិន​ស្គាល់​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​ទាល់តែសោះ​។

​ដូច្នេះហើយ បានជា​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​សន្និសីទកាសែត បានណែ​នាំឱ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហៅ​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​តាំងខ្លួន​ជា​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ ទៅ​រៀនសូត្រ​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​។​

​ទោះបីជា​យ៉ាងណា ចំពោះ​ក្រុម​អ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ ចុះផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវបាន​រាជរដ្ឋាភិបាល ប្រើប្រាស់​វិធានការ អប់រំ ណែនាំ ជាជាង​ការ ប្រើប្រាស់​ច្បាប់​ដាក់ទោសទណ្ឌ​។ ក្នុងនោះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ព័ត៌មាន ក៏បាន​ប្រើប្រាស់​ព័ត៌មានពិត ​មាន​វិជ្ជាជីវៈ ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ ខុស​ការពិត​ទាំងនោះ​។​

​ជា​វិធានការ​ជាក់ស្តែង ក្រសួង​ព័ត៌មាន តាមរយៈ​នាយកដ្ឋាន​ព័ត៌មាន បាន​ហៅ​បុគ្គល​អ្នកលេងហ្វេស​ប៊ុ​ក ដែល​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន ចុះផ្សាយ​រឿង​មិន​ពិត អំពី​ជំងឺ​រលាក​សួត​ថ្មី បង្កដោយ​វីរុស កូ​រ៉ូ​ណា មក​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ឈប់​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មានដែល​មិនមែនជា​ការពិត តទៅទៀត​។​

​ជា​ការពិតហើយ ហេតុតែ​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​បាន​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ គឺ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ ចង់បាន​អ្នក​ចុច ឡៃ​(Like) និង​ចែកចាយ​ឲ្យ​បាន​ច្រើននៅក្នុង​ហ្វេ​ស​ប៊ុ​ក ដើម្បី​ខ្លួន​មាន​ប្រជាប្រិយភាព​ផង និង​ដើម្បី​បានលុយ​ពី​ការផ្សាយ​នោះ​ផង​។​

​ក៏ប៉ុន្តែ​បំណង​នេះ ផ្ទុយទៅវិញ គឺ​ត្រូវ​មហាជន​ជេរ​ស្តី រិះគន់ ហើយក៏​ខុស​នឹង​ច្បាប់​ថែមទៀតផង​។ នេះ​សំណាង​ហើយ ដែល​រាជរដ្ឋាភិបាល ក្រសួង​ព័ត៌មាន មិន​អនុវត្ត​ច្បាប់​តឹងរ៉ឹ ដោយ​ចាប់​បញ្ជូនទៅ​តុលាការ​។ តែបើ​លើក​ក្រោយ នៅតែ​មិន​រាងចាល​ទៀត​នោះ​ ប្រហែលជា​ត្រូវ​ដេក​គុក ដោយសារតែ​ចង់​ល្បី​នេះហើយ​។​

​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត ការផ្សព្វផ្សាយ​រឿង​មិន​ពិត ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​នេះ ត្រូវបាន​មហាជន​ជាច្រើន ដក​សេចក្តីទុកចិត្ត ហើយ​លែង​ចូល​មើល​ក្រុម​អ្នកព័ត៌មាន​ហ្វេ​ស​ប៊ុ​ក ឬ​ជា​ក្រុម​អ្នកព័ត៌មាន​ឡប់ឡែ​ទាំងនោះ​។ ដូច្នេះ​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក​នេះ​អាច​នឹង​បាត់បង់ អ្នកគាំទ្រ ដោយសារតែ​ការផ្សាយ​រឿង​ខុស​ការពិត ដូច​ពាក្យចាស់​លោក​ថា «​ចង់​ចំណេញ ដាច់​ចំណង​»​។​

​មួយវិញទៀត​ចូរ​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន​ទាំងនោះ​ចូលសាលា​ដើម្បី​យល់ដឹង​ពី​មូលដ្ឋានគ្រឹះ​នៃ​សារព័ត៌មាន រៀន​ពី​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌ មាន​ឲ្យ​បានច្បាស់លាស់​សិន មុននឹង​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន ឬ​អ្នកកាសែត​។ ក្រសួង ព័ត៌មាន សមាគម សហព័ន្ធ ក្លិប​អ្នកកាសែត មាន​គ្រូ ចាំតែ​ជួយ​បណ្តុះបណ្តាល​។​

​ទាំង​អ្នកសារព័ត៌មាន​មាន​វិជ្ជាជីវៈ រួមទាំង​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក​ហើយ​តាំងខ្លួន​ជា​អ្នក​សារព័ត៌ មាន ក៏​គួរតែ​ចាំ និង​កត់​ទុក ឬក៏​ព្រី​ន​ក្រដាស​ធំៗ​បិទ​លើ​ជញ្ជាំង​នូវ​ពាក្យស្លោក​របស់​សម្តេច តេ​ជោ ហ៊ុន សែន បានផ្តល់​ជា​យ័ន្ត​ការពារ​ខ្លួន​ដល់​អ្នកសារព័ត៌មាន ក្នុង​ពិធី​ជួបជុំ កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ​២០២០ នោះ​គឺ «​អ្នកសារព័ត៌មាន មិនត្រូវ​បំពាន​សិទ្ធិ​អ្នកដទៃ និង​កុំ​បំភ្លៃ​ការ ពិត​»​។ ចាំតែ​ពាក្យ​មួយ​ឃ្លា​នេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​តាំងខ្លួន​ជា​អ្នកសារព័ត៌មាន និង​អ្នក សារព័ត៌មាន ច្បាស់​ជា​មិន​បាត់បង់​ទំនុកចិត្ត​ពី​មហាជន និង​មិនមាន​បញ្ហា​អ្វី​ចំពោះ​ខ្លួន​នោះទេ​៕ ដោយ​: ម៉េង​ឆៃ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...