
ដោយៈ សាវរក្ស: ភ្នំពេញៈ នាព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌឫស្សីកែវចំនួន១៩០នាក់ ទទួលបានអំណោយឧបត្ថម្ភពីលោកឧត្តមសេនីយ៍ឯក យឹម លាងនាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជានាយករងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ។
នាឱកាសនោះ លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ តំណាងលោក ឧត្តមសេនីយ៍ឯក យឹម លាងនាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជានាយករងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ក៏បាននាំយកអំណោយចែកជូនដល់កងកម្លាំងនគរបាលខណ្ឌឫស្សីកែវទាំង១៩០នាក់ ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា អំណោយចែកជូនដល់កងកម្លាំងនគរបាលខណ្ឌឫស្សីកែវ គឺបានមកពីឧត្តមសេនីយ៍ឯក យឹម លាង នាយករងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដែលសរុបមានប្រេងសាំងចំនួន ១ពាន់លីត្រ លុយ ១០លានរៀល ទឹកក្រូច ១៩០កេស ស្រាបៀរ ១៩០កេស អង្ករ១៩០បាវ (មួយបាវស្មើនឹង២៥គីឡូក្រាម) ។
លោកបន្តថា ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ឲ្យចេះសាមគ្គីគ្នា និងធ្វើការងារសង្គមឲ្យបានច្រើន ជាពិសេសត្រូវបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ចំពោះកងកម្លាំងដែលមានឈ្មោះជាប់ពិន័យក៏ត្រូវទទួលបានអំណោយនេះដែរ លើកលែងតែមន្ត្រីចូលនិវត្តន៍ ហើយក្នុងម្នាក់ទទួលបានអង្ករមួយបាវ២៥គីឡូក្រាម ប្រាក់៥ម៉ឺនរៀល ទឹកក្រូចមួយកេស ស្រាបៀរមួយកេស ។
តំណាងឲ្យកងកម្លាំងនគរបាលខណ្ឌឬស្សីកែវទាំងអស់ លោកជា ពិសី និងលោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ឯក យឹម លាងនាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជានាយករងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ដល់កម្លាំងនគរបាលខណ្ឌឫស្សីកែវ សូមឲ្យលោកឧត្តមសេនីយ៍ឯក និងក្រុមគ្រួសារជួបប្រទះសេចក្តីសុខ សុខភាពល្អ ព្រមទាំងពុទ្ធពរ និងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕/Ha







